តារាចម្រៀង រ៉េប Tempo Tris កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានចេញបទចម្រៀង « ហេតុអ្វីនាង ? » នៅក្នុងផលិតកម្ម Galaxy Navatra ដែលបទចម្រៀងនេះគឺមានការចូលរួមច្រៀងពីឪពុករបស់លោកផ្ទាល់តែម្តង ដើម្បីបើកទំព័រថ្មីក្នុងវិថីចម្រៀង ។
បទចម្រៀង « ហេតុអ្វីនាង ? » គឺនិពន្ធទំនុកភ្លេងដោយ ក្រុមវង់តន្រ្តីសម័យ ធី ភី , និពន្ធទំនុកច្រៀងដោយលោក ដួង រស្មី និងច្រៀងដោយលោក Tempo Tris និងលោក ដួង ប៊ុនធឿន ដែលត្រូវជាឪពុករបស់លោក Tempo Tris ផ្ទាល់តែម្តង ។
នេះជាលើកដំបូងហើយដែល Tempo Tris បានដឹកដៃឪពុករបស់ខ្លួនចូលច្រៀងរួមគ្នា បន្ទាប់ពីបានថប្រលូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ ។ Tempo Tris បាននិយាយថា « Whyនាង ? គឺជាបទទីមួយដែលចូលរួមច្រៀងដោយលោកពុកខ្ញុំផ្ទាល់ ហើយជាបទដែលបងប្អូនទន្ទឹងរង់ចាំបានមកដល់ហើយ ទម្រង់ចាស់ តែសេដបែបថ្មី » ។
ស្របពេលដែលចេញបទចម្រៀង « ហេតុអ្វីនាង ? » ផលិតកម្ម Galaxy Navatra ក៏បានថត MV ចម្រៀង « ហេតុអ្វីនាង ? » ដោយរំលេចនូវផ្ទាំងទស្សនីយភាពជំនាន់ទសវត្សរ៍ ៦០ ចូលក្នុងបទចម្រៀងថ្មីមួយនេះផងដែរ ដើម្បីអបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ។
តាមរយៈ MV ចម្រៀង « ហេតុអ្វីនាង ? » ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ។ សម្រាប់លោក Tempo Tris ផ្ទាល់ក៏សប្បាយចិត្ត និងរំភើបចិត្តជាខ្លាំងនៅពេលដែលបទចម្រៀងដំបូងដែលលោកច្រៀងជាមួយឪពុកខ្លួន ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ ។ ខណៈពេលដែលបទចម្រៀងនេះកំពុងផ្ទុះខ្លាំង Tempo Tris ក៏កំពុងតែស្ថិតនៅប្រទេស កូរ៉េ ដើម្បីត្រៀមចូលរួមការប្រគំតន្រ្តីដ៏ធំមួយនៅទីនោះរួមជាមួយមិត្តសិល្បករជាច្រើនរូបទៀត ។
តោះទៅទស្សនា MV ចម្រៀង « ហេតុអ្វីនាង ? »ពី Tempo Trisទាំងអស់គ្នា ៕