ថ្វីដ្បិតតែខកខាននៅក្នុងការសម្តែងអស់ជាច្រើនឆ្នាំប៉ុន្តែអ្នកនាង អម្ពរ ទេវី នៅតែខ្លាំង និងមានស្នាដៃសម្តែងល្អ មិនចាញ់កាលពីមុនឡើយ ជាក់ស្តែងថ្មីៗនេះអ្នកនាងបានដឹកដៃស្វាមី និងកូនស្រីជាទីស្រឡាញ់មកលេងប្រទេស កម្ពុជា ដើម្បីដើរកម្សាន្តផង និង ថតរឿងផង ។
មកទល់ពេលនេះអ្នកនាង អម្ពរ ទេវី បានចាប់អាជីពសិល្បៈ ៣៤ ឆ្នាំហើយ បើទោះបីជាអ្នកនាងខកខានក្នុងការសម្តែងអស់រាប់ឆ្នាំបន្ទាប់ពីបានចេញទៅរស់នៅ និងប្រើជីវិតហើយហ៊ឺហារនៅទឹកដី សហរដ្ឋអាមេរិក ជាមួយគ្រួសារក្តី យូរៗម្តងអ្នកស្រីតែងតែវិលត្រឡប់មកស្រុកកំណើតដើម្បីថតរឿងឱ្យផលិតកម្មធំៗជាច្រើន ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ល្អសម្រាប់តកូនតចៅ ។
នៅក្នុងខែ កញ្ញា ឆ្នាំ ២០២៣ នេះ អ្នកនាង អម្ពរ ទេវី បានដឹកដៃស្វាមី និងកូនស្រីមកលេងប្រទេស កម្ពុជា ជាថ្មីម្តងទៀត ដើម្បីថតរឿងតាមគម្រោងដែលបានគ្រោងទេ ។ តាមរយៈរូបភាពជាច្រើននេះបង្ហាញឱ្យឃើញថា អ្នកនាង អម្ពរ ទេវី នៅតែជាតារាសម្តែងដ៏លេចធ្លោ និងមានទេពកោលស្យល្អ ដែលពិបាកនិងរកគូប្រដូចបាន មិនថាតារាជើងចាស់ ឬតារាថ្មីៗ សុទ្ធតែកោតសរសើរពីស្នាដៃសម្តែងរបស់អ្នកនាង ។
អ្នកនាង អម្ពរ ទេវី នៅតែអះអាងថា អ្នកនាងនៅតែស្រឡាញ់សិល្បៈ បើមានឱកាសអ្នកនាងនឹងទទួលសម្តែង ឱ្យតែរឿងនោះសក្តិសមជាមួយអ្នកនាង ។
ក្នុងដំណើរមកថតរឿងថ្មីនេះ អ្នកនាង អម្ពរ ទេវី ទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតាទេ ហេតុដូច្នេះហើយទើបអ្នកស្រីសុខចិត្តចុះមកស្រុក ខ្មែរ ទាំងគ្រួសារ ។ ក្រោយឃើញវត្តមានរបស់អ្នកនាង អម្ពរ ទេវី ក្នុងស្រុក ខ្មែរ បានធ្វើឱ្យទស្សនិកជនជាច្រើនទន្ទឹងរងចាំមើលស្នាដៃថ្មីរបស់អ្នកនាងគ្រប់ៗគ្នា ៕