ជាង ៤០ឆ្នាំក្នុងវិថីសិល្បៈតារាកំប្លែងវ័យ ៦៧ ឆ្នាំ នាយ កុយ នៅតែប្រឹងបន្តធ្វើការងារនេះទាំងសុខភាពមិនអំណោយផល 

លេចមុខក្នុងការថត MV ចម្រៀងជំនាន់ទសវត្សរ៍ ៦០ របស់ផលិតកម្ម Galaxy Navatra កាលពីពេលថ្មីនេះ តារាកំប្លែងនាយ កុយ នៅតែអះអាងថា លោកនឹងបន្តការងារសិល្បៈដូចមុនដដែលបើទោះបីជាលោកបានបំពេញការាងារក្នុងវិថីសិល្បៈអស់ជាង ៤០ ឆាំ ហើយសុខភាពមិនអំណោយផលក្តី ។ 

ឆ្នាំថ្មីនេះតារាកំប្លែងនាយ កុយ មានវ័យ ៦៧ ឆ្នាំហើយ ហើយក៏មានស្នាដៃល្បីៗជាច្រើននៅក្នុងវិថីសិល្បៈ មិនសម្តែង កំប្លែង ឬ ច្រៀងការ លោកនៅតែទទួលធ្វើការងារទាំងអស់នេះ ជាក់ស្តែងនៅក្នុងថ្ងៃ ថត MV ចម្រៀងរបស់ផលិតកម្ម Galaxy Navatra លោកបានតុបតែងខ្លួនយ៉ាងស្រស់សង្ហាចូលរួមរាំលេងកម្សាន្តជាមួយមិត្តសិល្បករថ្មីចាស់ ដើម្បីបង្កើនបរិយាកាសឱ្យកាន់តែរីករាយ ។ 

តារាកំប្លែងជើងចាស់នាយ កុយ បានរៀបរាប់ប្រាប់ថា ការជួបជុំមិត្តសិល្បករថ្មីចាស់នៅក្នុងការថត MV ចម្រៀងរបស់ផលិតកម្ម Galaxy Navatra ពិតជាល្អ ដើម្បីឱ្យសិល្បករទាំងអស់មានឱកាសបានជួបជុំគ្នារាំលេងកម្សាន្តក្នុងទសវត្សរ៍ ៦០ ។ 

ទន្ទឹមនិងការចូលរួមជួបជុំមិត្តសិល្បករ តារាកំប្លែងនាយ កុយ ក៏បានរំលឹកផងដែរថា ជាង ៤០ ឆ្នាំមកហើយដែលលោកប្រលូកក្នុងវិស័យសិល្បៈ ហើយលោកក៏នៅតែបន្តការងារនេះដូចមុនដដែល បើទោះបីជាសុខភាពរបស់លោកមួយថ្ងៃកាត់មួយថ្ងៃកោរក្តី ក៏លោកមិនបោះបង់អាជីពនេះចោលដែរ ពីព្រោះអាជីពនេះបានធ្វើឱ្យលោកមានមុខមាត់ដូចសព្វថ្ងៃនេះ ។