សំណាង អេលីណា ជាប់ឈ្មោះចេញទៅប្រកួត Miss International 2023 ហើយនៅតែមិនបន្ទូរដៃលើជំនាញទំនាក់ទំនងអន្តរជាតិ ! 

ខណៈពេលត្រៀខ្លួនចេញទៅប្រកួត Miss International 2023 នៅបំណាច់ខែ តុលា ខាងមុខ កញ្ញា សំណាង អេលីណា នៅតែមិនបោះបង់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិរបស់ខ្លួនចោលឡើយ ដោយនាងខំប្រឹងទាំងការសិក្សា ក៏ដូចជាត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិសាជាថ្មី  ម្តងទៀត ។ 

កញ្ញា សំណាង អេលីណា គឺជាអតីតបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០១៩  នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានចំណេះដឹងខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានទេពកោលស្យសម្តែងល្អក្នុងវិស័យសិល្បៈ ។ កញ្ញា សំណាង អេលីណា ត្រូវចេញស្ថាប័នបវរកញ្ញា Miss International Cambodia ជ្រើសរើសតំណាង កម្ពុជា ចេញទៅប្រកួត Miss International 2023 នៅក្នុងចុងខែ តុលា ឆ្នាំ ២០២៣ ខាងមុខ ។ ជាមួយនិងការជ្រើសរើសនេះ សំណាង អេលីណា បានបង្ហាញពីការពេញចិត្តជាខ្លាំង ដោយនាងបេ្តជ្ញាចិត្តថា នឹងធ្វើឱ្យបានល្អបំផុតពេលចេញទៅប្រកួត ។ 

ថ្វីដ្បិតតែពេលនេះកញ្ញា សំណាង អេលីណា ជាប់ឈ្មោះតំណាង កម្ពុជា ចេញទៅប្រកួតកក្នុងកម្មវិធី Miss International 2023 ក្តី ប៉ុន្តែនាងមិនភ្លេចពីការសិក្សារបស់ខ្លួនឡើយ ។ កញ្ញា សំណាង អេលីណា បានប្រាប់ថា នាងស្រឡាញ់មុខជំនាញទំនាក់ទំនងអន្តរជាតិ ដែលនាងកំពុងសិក្សានេះខ្លាំងណាស់ ដោយនាងសុខចិត្តផ្អាកមិនទទួលការងារថតរឿងច្រើនដូចមុន ដើម្បីមានពេលវេលាច្រើនក្នុងការសិក្សា ទោះបីជាមានខាងផលិតកម្មណាឱ្យតម្លៃខ្លួននាងខ្ពស់យ៉ាងណាក្តី ក៏នាងមិនអាចបោះបង់ការសិក្សាចោលដែរ សូម្បីតែពេលនេះនាងត្រៀមខ្លួននឹងចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International 2023 ក្តី ក៏នាងឈោងចាប់ការងារទាំង ២ នេះក្នុងពេលតែមួយ ដោយសារនាងចង់បំពេញក្តីស្រមៃ ចង់ក្លាយទៅជាអ្នកធ្វើការងារនៅក្នុងស្ថានទូតណាមួយ នាពេលអនាគត ។ 

កញ្ញា សំណាង អេលីណា មានវ័យ ២២ ឆ្នាំ នាងមានកម្ពស់ ១, ៧០ Cm នាងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ដែលធ្វើឱ្យអ្នករៀបចំកម្មវិធីកាន់តែមានទំនុកចិត្តខ្លាំងក្នុងការបញ្ជូននាងទៅប្រកួតនៅក្នុងកម្មវិធី Miss International 2023 ។ សំណាង អេលីណា គឺជាស្រ្តី ខ្មែរ មួយរូបដែលបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិចំនួន ២ លើកជាប់គ្នា ៕