គ្រាន់តែតម្លៃខ្លួនឡើងខ្ពស់ រ៉ាប៊ឺ រៀបចំឡើងវីឡាថ្មីតម្លៃជិតកន្លះលានដុល្លារ 

កញ្ញា រ៉ាប៊ឺ ទើបតែប្រកាសទទួលការងារធំៗដោយទទួលបានតម្លៃខ្លួនខ្ពស់មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣ តារាស្រីសិចស៊ីរូបនេះ បានរៀបចំពិធីឡើងកេហដ្ឋានថ្មីតម្លៃជិតកន្លះលានដុល្លារនៅម្តុំព្រលានយន្តហោះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ 

កញ្ញា រ៉ាប៊ឺ ប្រលូកក្នុងសិល្បៈច្រើនឆ្នាំមកហើយ ប៉ុន្តែនាងមិនដែលធ្លាប់បង្ហាញពីជីវិតហ៊ឺហាររបស់ខ្លួនឱ្យទស្សនិកជនបានឃើញឡើយ ភាគច្រើននាងទៅណាមកណាតុបតែងខ្លួនធម្មតាៗ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញ រហូតត្រូវបានបណ្តាក្រុមហ៊ុនធំៗជាច្រើនចាប់អារម្មណ៍និងអញ្ជើញនាងធ្វើជា BA និងចេញតាមកម្មវិធីប្រគំតន្រ្តីធំៗតាមបណ្តាខេត្តនានា ដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ជាក់ស្តែងកាលពីប៉ុន្មានខែមុន តារាចម្រៀង រ៉ាប៊ឺ បានទទួលស្គាល់ថា តម្លៃខ្លួនរបស់នាងចាប់ផ្តើមឡើងទ្វេរដង រហូតធ្វើឱ្យឈប់ទទួលការងារតូចៗដូចមុន ។ 

ទន្ទឹមនិងការឈានឡើងខ្ពស់បែបនេះ កញ្ញា រ៉ាប៊ឺ ក៏បានរៀបចំពិធីឡើងកេហដ្ឋានថ្មីរបស់ខ្លួនដែលទើបនឹងទិញកាលពីពេលថ្មីៗនេះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ វីឡាថ្មីរបស់ រ៉ាប៊ឺ ត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅជិតកន្លះលានដុល្លារ ស្ថិតនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ 

កញ្ញា រ៉ាប៊ឺ រីកមុខរីកមាត់ជាខ្លាំងនៅពេលដែលរៀបចំកម្មវិធីពិសេសនេះឡើង ដើម្បីជួបជុំមិត្តភក្តិសិល្បករ ។ បើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយ រ៉ាប៊ឺ បានបង្ហើបប្រាប់ថា បន្ទាប់ពី ឡើងវីឡាថ្មីតម្លៃជិតកន្លះលានដុល្លាររួច រ៉ាប៊ឺ មានគម្រោងនឹងរៀបចំពិធីមង្គលការផងដែរ ក្រោយពីនាងបានស្វែងយល់ចិត្តគ្នាជាមួយដៃគូរបស់ខ្លួនអស់ពេលជាច្រើនឆ្នាំ ។ 

ទោះបីជាមានការបង្ហើបប្រាប់ដូច្នេះក្តី ចំពោះតារាសិចស៊ី រ៉ាប៊ឺ ផ្ទាល់បានអះអាងថា រឿងរៀបរាប់នាងនៅពុំទាន់គិតគូនៅឡើយទេ ៕