ស្របពេលបង្ហាញមុខនៅក្នុងការថត MV ចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី ខ្លឹម ស្រីគា បានបង្ហើបប្រាប់ពីអាថ៌កំបាំងមួយដែលនាងលាក់ទុកជាយូរឆ្នាំមកហើយ ក្នុងចន្លោះពេលដែលនាងឡើងគីឡូខ្លាំង រហូតធ្វើឱ្យនាងមានសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។
នេះជាលើកដំបូងហើយដែលតារាស្រី ខ្លឹម ស្រីគា បានចូលរួមថត MV ចម្រៀងជំនាន់ទសវត្សរ៍ទី ៦០ រួមជាមួយតារាថ្មីចាស់ជាច្រើនផ្សេងទៀតឱ្យផលិតកម្ម Galaxy Navatra ។ នាងពិតជាសប្បាយរីករាយណាស់ដែលមានឱកាសបានចូលរួមសម្តែងនៅក្នុងឈុតឆាកបែបនេះ ។
កញ្ញា ខ្លឹម ស្រីគា ធ្លាប់ជាម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ ២០១៧ ផងដែរ ដែលមានរូបសម្រស់ស្រស់សោភាគួរជាទីចាប់អារម្មណ៍ ហើយទទួលបានការពេញចិត្តពីបណ្តាក្រុមហ៊ុន និងម្ចាស់ផលិតកម្ម ជាច្រើន រហូតនាងក្លាយទៅជាតារាសម្តែងល្បីឈ្មោះមួយរូបក្នុងសិល្បៈ ប៉ុន្តែរំលងមិនយូរប៉ុន្មាន ខ្លឹម ស្រីគា បែរជាបណ្តោយខ្លួនឱ្យធាត់ ឡើងគីឡូខ្លាំង រហូតគ្មានផលិតកម្មណាហ៊ានហៅនាងថត សូម្បីតែរូបនាងផ្ទាល់ក៏មិនហ៊ានជួបមុខមិត្តភក្តិសិល្បៈដែរ ។
ដោយឡែកជួបជាមួយ ខ្លឹម ស្រីគា កាលពីពេលថ្មីៗនេះ នាងស្រកគីឡូខ្លាំង ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតដូចកាលពីនាងទើបតែប្រលងជាប់ថ្មីៗ ។ ខ្លឹម ស្រីគា បានប្រាប់ថា នាងប្រឹងប្រែងសម្រកគីឡូដើម្បីទទួលការងារសិល្បៈឡើងវិញ ពីព្រោះក្នុងចន្លោះពេលនាងឡើងគីឡូខ្លាំង គឺនាងបានបាត់បង់ទាំង ការងារ រូបសម្រស់ ឬ រឿងស្នេហា រហូតនាងបានទុកខ្លួនឯងចោល លែងខ្វល់អ្វីទាំងអស់ ។
ខ្លឹម ស្រីគា បានទទួលស្គាល់ថា ពេលដែលនាងឡើងគីឡូខ្លាំង គឺជាពេលវេលាដែលនាងជួបនូវវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារនាងបរាជ័យក្នុងការងារសិល្បៈផង ការងាររកស៊ីផង រហូតឃុំខ្លួនមិនហ៊ានចេញក្រៅ អ្វីដែលនាងនឹកឃើញមុនគេ គឺញុំាគេងៗ រហូតដល់គីឡូខ្លាំងបែបនេះ ។ ប៉ុន្តែដោយសារមានការជំរុញនិងលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារ នាងក៏បានសម្រេចចិត្តប្រឹងប្រែងថែរក្សារូបរាងមកវិញ ដើម្បីទទួលការងារជាច្រើន ៕