សម្រស់កើនឡើងទ្វេ ក្រោយ ភឹម ស្រីនោ បន្ថែមខ្ទង់ច្រមុះថ្មីមុនឡើងទៅប្រកួតនៅប្រទេស វៀតណាម 

ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ទើបតែទៅហាងកែសម្ជស្សមួយកន្លែងដើម្បីបន្ថែមខ្ទង់ច្រមុះថ្មីឱ្យកាន់តែស្រស់ស្អាតឡើង មុននឹងហោះហើរចេញទៅប្រកួតនៅប្រទេស វៀតណាម ។

ពេលវេលាប្រកួត Miss Grand International កាន់តែកៀកមកដល់ កញ្ញា ភឹម ស្រីនោ ក៏មិនបានបណ្តោយពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ដែរ ជាក់ស្តែងនាងបានខំប្រឹងពង្រឹងសមត្ថភាពខ្លួនទាំង យប់ទាំងថ្ងៃដើម្បីឱ្យកាន់តែមានការជឿជាក់លើខ្លួនឯងមុននឹងចេញទៅប្រកួត ។

ទន្ទឹមនឹងការត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិនេះផងដែរ កញ្ញា ភឹម ស្រីនោ ក៏បានទៅហាងកែសម្ផស្សមួយកន្លែង ដើម្បីធ្វើខ្ទង់ច្រមុះថ្មីឱ្យខ្ពស់ស្អាតជាងមុន ដោយមានគ្រូពេទ្យជំនាញខាងកែសម្ផស្សល្បីឈ្មោះមួយរូបជាអ្នកកែខ្ទង់ច្រមុះថ្មីនេះដល់រូបនាងយ៉ាងពិសេស ជាលទ្ធផលគឺនាងទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។ 

កញ្ញា ភឹម ស្រីនោ បានទទួលស្គាល់ផងដែរថា នាងពិតជាបានទៅហាងបន្ថែមខ្ទង់ច្រមុះថ្មីយ៉ាងពិតប្រាកដមែន ដើម្បីបង្កើនសម្រស់ឱ្យកាន់តែស្រស់ស្អាត  នាងពេញចិត្តខ្លាំងជាមួយខ្ទង់ច្រមុះថ្មីនេះ រហូតធ្វើឱ្យនាងកាន់តែមានទំនុកចិត្ត និង ជឿជាក់លើខ្លួនឯងឡើងទ្វេរដង ។

សម្រាប់លក្ខខណ្ឌនៅក្នុងការប្រកួត Miss Grand International គេមិនបានកំណត់ថា មិនឱ្យវះកាត់កែសម្ផស្ស ឬ ត្រូវតែស្រស់ស្អាតពីធម្មជាតិនោះទេ អ្វីដែលសំខាន់ គឺសម្រស់ស្រស់ស្អាត និងមានទេពកោសល្យ ថែមទាំងឆ្លាតវៃ គឺពិតជាទទួលបានពិន្ទុល្អពីគណកម្មការ ។ 

បើតាមគម្រោងការប្រកួត Miss Grand International នឹងរៀបចំឡើងនៅប្រទេស វៀតណាម នៅក្នុងខែ តុលា ខាងមុខនេះហើយ ៕