លោក ឡៃ ថៃចាន់ ឬ នេនថៃ ខំប្រឹងហ្វឹកហាត់ត្រៀមខ្លួនចូលប្រកួតកីឡាកាយវប្បកម្មដើម្បីដណ្តឹមមេដាយជូនជាតិ 

មួយរយៈពេលចុងក្រោយនេះលោក ឡៃ ថៃចាន់ ឬ  នេនថៃ ដែលទស្សនិកជនស្គាល់ថា ជាបុរសសង្ហាសាច់ដុំធំៗដែលមានទំនាក់ទំនងជាមួយកញ្ញា ពេជ្រ ចរណៃ នោះ កំពុងមមាញឹកខ្លាំងនៅក្នុងការហ្វឹតហាត់លត់ដំខ្លួនដើម្បីក្លាយទៅជាកីឡាករកាយវប្បកម្ម ដើម្បីត្រៀមខ្លួនទៅដណ្តើមមេដាយជូនជាតិ ។ 

លោក ឡៃ ថៃចាន់ ពិតជាដាក់ចិត្តខ្លាំងចំពោះការងារហ្វឹតហាត់ខាងកីឡាកាយវប្បកម្មនេះ ពីព្រោះលោកចង់បំពេញក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយទៅជាកីឡាករប្រចាំប្រទេស ដើម្បីតំណាង កម្ពុជា ទៅដណ្តើមមេដាយនៅក្នុងកម្មវិធីធំៗជាច្រើន ដូចជាកម្មវិធី ស៊ីហ្គេម ជាដើម…។

លោក ឡៃ ថៃចាន់ ឬ នេនថៃ បានបញ្ជាក់ប្រាប់ថា កីឡាកាយវប្បកម្ម គឺប្រភេទកីឡាសាច់ដុំ ដែលម្នាក់ៗមានតិចនិកនៃការសម្តែង ឬ បង្ហាញខុសៗគ្នា ដើម្បីទទួលបានការចាប់អារម្មណ៍ពីគណកម្មការ ។ ចាប់តាំងពីដាក់ចិត្តហាត់កីឡានេះ លោកបានខំប្រឹងប្រែងហ្វឹតហាត់មិនដែលខាន ។ ទី ១ លោកត្រូវត្រៀមគីឡូរបស់ខ្លួនឱ្យត្រូវនិងត្រូវតាមស្តង់ដារដៃគូប្រកួត ឱ្យសមជាកីឡាករតំណាងប្រទេស ទី ២ លោកត្រូវរៀបចំរបបអាហារ  និងការហាត់ប្រាណឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យភ្លាស់ស្នៀតនៅពេលដែលកៀកថ្ងៃប្រកួត ។ លោកសង្ឃឹមថា ការខំប្រឹងរបស់លោក អាចនឹងទទួលបានមេដាយណាមួយជូនជាតិ ។ 

ទន្ទឹមនិងការហ្វឹកហាត់ត្រៀមខ្លួនក្លាយទៅជាកីឡាករតំណាងជាតិទៅចូលរួមប្រកួតនៅក្រៅប្រទេស លោក ឡៃ ថៃចាន់ ក៏មានគម្រោងការងារក្នុងសិល្បៈជាច្រើន ប៉ុន្តែជាញឹកញាប់លោកចេញវិដេអូអប់ខ្លីៗ ដើម្បីលើកទឹកចិត្ត ក៏ដូចជាចែករំលែកបទពិសោធផ្សេងៗជូនអ្នកគាំទ្រទស្សនាកម្សាន្ត ៕