មួយថ្ងៃបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ជ័យលោភីលេខ ១ ក្នុងការប្រកួតចម្រៀង «The Voice Cambodia » រដូវកាលទី ១ លោក ប៊ុត សីហា លោកស្រី ទ្រី ដាណា ចេញមកទម្លាយរឿងធ្លាប់បានផ្តល់លុយជិត ១០ម៉ឺនដុល្លារឲ្យលោកប៊ុត សីហា និងឱកាសការងារ ចុងក្រោយមិនកែខ្លួន។
តាមរយៈទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១៣កញ្ញានេះ លោកស្រី ទ្រី ដាណា បានសរសេរយ៉ាងដូច្នេះថា៖ «ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន»។
លោកស្រីបន្តថា សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសអោយគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ។
ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយអោយគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែអោយជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏លឺថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង។
លោកស្រី ទ្រី ដាណា បន្ថែមទៀតថា សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាសច្រើនដងទេ។
ជម្រាបជូនថា កម្លាំងនគរបាលស្រុក គងពិសី ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ១២ម្សិលមិញ បានធ្វើការឃាត់ខ្លួនម្ចាស់ជ័យលោភីលេខ ១ ក្នុងការប្រកួតចម្រៀង «The Voice Cambodia » រដូវកាលទី ១ លោក ប៊ុត សីហា ជាមួយ និងគ្រឿងញៀនមួយចំនួនជាមួយបក្ខពួកម្នាក់ទៀត៕