« មនុស្សប្រុសថោកទាប » បទចម្រៀងថ្មីដំបូងរបស់ គូម៉ា ក្នុងផលិតកម្ម Galaxy Navatra គឺបង្កប់ដោយអត្ថន័យជ្រាលជ្រៅ 

« មនុស្សប្រុសថោកទាប » ជាចំណងជើងបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក គូម៉ា ដែលបាននិពន្ធនិងធ្វើឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីជាចំណងដៃលើកដំបូងរបស់ខ្លួនក្នុងការឈានជើងចូលផលិតកម្ម Galaxy Navatra រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត ។ 

មកទល់ពេលនេះលោក គូម៉ា បានប្រលូកក្នុងវិស័យចម្រៀងរយៈពេលជាង ១៥ ឆ្នាំហើយ ហើយលោកក៏មានស្នាដៃល្អៗជាច្រើនដើម្បីបំពេរអារម្មណ៍ទស្សនិកជន ប៉ុន្តែចាប់តាំងពីបានចាក់ចេញពីទ្រនំចាស់ មក លោក គូម៉ា បានបាត់មុខឈឹងពីវិស័យចម្រៀង រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា តារាចម្រៀងរូបនេះឈប់ច្រៀង និងងាកទៅធ្វើការងាររកស៊ីជំនួសវិញ ។ តែទោះជាយ៉ាងណាក្តី ពេលនេះ លោក គូម៉ា បានរកឃើញទ្រនំសុខសាន្តថ្មីហើយ ដោយលោកទើបតែចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatraក្នុងរយៈពេលមិនតិចជាង ៥ ឆ្នាំ ។ 

លោក គូម៉ា បានសម្តែងនូវការរីករាយជាខ្លាំងនៅពេលដែលក្លាយទៅជាចំណែកមួយនៅក្នុងគ្រួសារ ផលិតកម្ម Galaxy Navatra ជាក់ស្តែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសចូលធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra កាលពីថ្ងៃទី ០១ ខែ កញ្ញា កន្លងមកនេះលោកបានបញ្ជាក់ប្រាប់ថា លោកបានវិលត្រឡប់មកជួបអ្នកគាំទ្រវិញហើយ តាមរយៈការចេញបទចម្រៀងថ្មី នៅក្នុងផលិតកម្ម Galaxy Navatra ដែលជាផលិតកម្មធំ និងមានទំនុកចិត្តបំផុតសម្រាប់លោក ដូចទស្សនិកជនដឹងស្រាប់ហើយថា នៅក្នុងផលិតកម្មនេះប្រជុំទៅដោយតារាចម្រៀងល្បីៗ និងមានទេពកោលស្យជាច្រើន ។ 

បទចម្រៀងដំបូងរបស់លោក គូម៉ា គឺមានចំណងជើងថា « មនុស្សប្រុសថោកទាប » ដែលជាស្នាដៃនិពន្ធដោយលោកខ្លួនឯងផ្ទាល់ ។ នៅក្នុងបទចម្រៀងមួយបទនេះផងដែរគឺលោកបានបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ រួមបញ្ចូលមនោរសញ្ចេតនាជាច្រើន ជាពិសេសគឺលោកនិពន្ធឡើងដើម្បីដាស់តឿនអ្នកគ្រប់គ្នាដែលមានស្នេហា ត្រូវមើលឃើញ និងផ្តល់តម្លៃដល់ដៃគូរបស់ខ្លួន កុំឱ្យពេលបាត់បង់ហើយទើបស្តាយក្រោយ ដូចជា បទចម្រៀង និង MV ចម្រៀង « មនុស្សប្រុសថោកទាប » របស់លោកអីចឹង ។

តោះទៅទស្សនា MV ចម្រៀង « មនុស្សប្រុសថោកទាប » របស់លោក គូម៉ា ទាំងអស់គ្នាថាពិរោះ និងគួរឱ្យចាប់អារម្មណ៍កម្រិតណា ៕