កេរ្តិ៍ឈ្មោះកាន់តែល្បី ពេជ្រ វត្តីសារ៉ាវឌី កាន់តែប្រែប្រួលខ្លាំងទាំងតម្លៃខ្លួន សម្រស់  និងចរិត 

ថ្វីដ្បិតតែកញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានផ្ទេរតំណែង Miss Grand Cambodia 2022 ទៅដល់កញ្ញា ភឹម ស្រីណូ ជា Miss Grand Cambodia 2023 ក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ ពេជ្រ វត្តីសារ៉ាវឌី នៅតែល្បីល្បាញ ហើយថែមទាំងទទួលបានតម្លៃខ្លួនខ្ពស់ជាងពេលមុន ជាពិសេស សម្រស់ និង ចរិតរបស់នាងក៏ប្រែប្រួលទៅតាមហ្នឹងដែរ ។ 

ស្របពេលដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌី ដែលជា Miss Grand 2022 បានផ្ទេរតំណែងទៅឱ្យ កញ្ញា ភឹម ស្រីណូ ដែលជា Miss Grand Cambodia 2023 នោះគឺ ពេជ្រ វត្តីសារ៉ាវឌី បាននិយាយទាំងទឹកភ្នែកទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដែលបានខំប្រឹងប្រែងតស៊ូក្នុងជីវិតទំរាំតែនាងទទួលបានតំណែងដ៏ធំមួយនេះ ។ បន្ទាប់ពីឃើញ ពេជ្រ វត្តីសារ៉ាវឌី រៀបរាប់បែបនេះ កាន់តែធ្វើឱ្យប្រជាប្រិយភាពនាងកើនឡើង ទាំងអ្នកគាំទ្រក្នុងនិងក្រៅប្រទេស ។ 

ពេលនេះ ពេជ្រ វត្តីសារ៉ាវឌី កាន់តែមានឈ្មោះល្បីល្បាញ ហើយថែមទាំងមានបណ្តាក្រុមហ៊ុនជាច្រើនហៅថតផ្សាយពាណិជ្ជកម្ម ថតភាពយន្ត និង ថតម៉ូដជាដើម…ដោយទទួលបានតម្លៃខ្លួនខ្ពស់មួយគុណជាបី បើប្រៀបធៀបទៅនឹងមុនពេលនាងជាប់ជា Miss Grand ។ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី បានខំប្រឹងទាំងយប់ទាំងថ្ងៃមិនថាការងារអ្វីគឺនាងទទួលធ្វើទាំងអស់ ដោយសារនាងចង់សន្សំប្រាក់ឱ្យបានច្រើន មុននឹងនាងសម្រេចចិត្តរៀបការមានគ្រួសារ ។ 

តាំងពីមានឈ្មោះល្បីល្បាញមក ពេជ្រ វត្តីសារ៉ាវឌី ប្រែប្រួលទាំងតម្លៃខ្លួន សម្រស់ និង ចរិត សូម្បីតែអ្នកសិល្បៈដែលស្និទ្ធជាមួយនាងក៏និយាយបែបនេះដែរ ជាក់ស្តែង ពេជ្រ វត្តីសារ៉ាវឌី ទទួលថតផលិតផលធំៗប៉ុណ្ណោះក្នុងតម្លៃខ្លួនខ្ពស់នឹកស្មានមិនដល់ ចំណែកសម្រស់របស់នាងវិញ កាន់តែស្រស់ស្អាតប្លែក ទាំងច្រមុះ ចង្កា ដើមទ្រូង និងរូបរាង ។ រីឯចរិតរបស់នាងវិញកាន់តែប្លែកជាងមុនទៅទៀត នាងចេះបន្ទន់ឥរិយាបថ ទៅតាមកាលៈទេសៈ ធ្វើឱ្យអ្នកគាំទ្រកាន់តែស្រឡាញ់នាងទ្វេដង ។ 

ពេជ្រ វត្តីសារ៉ាវឌី បានប្រាប់ថា ធម្មតាជាបវរកញ្ញាមួយរូបនិងគេដែរ ត្រូវចេះថែរក្សាសម្រស់ និងរូបរាងឱ្យស្រស់ស្អាតបែបនេះហើយ ទើបអាចចូលចំណោមគេចុះ បើយើងមានចំណុចខ្វះខាតណាមួយ យើងចូលហាងកែសម្ផស្សកែកុនចំណុចនោះទៅ ពីព្រោះសម័យនេះគឺអាចផ្លាស់ប្តូរអ្វីៗបានទាំងអស់ ។ 

ទោះបីជា ពេជ្រ វត្តីសារ៉ាវឌី មិនបានបញ្ជាក់ប្រាប់ថានាងបានកែកុននូវចំណុចខ្វះខាតណាមួយនៅលើរាងកាយរបស់ខ្លួនក្តី ប៉ុន្តែអ្នកក្នុងសិល្បៈសុទ្ធតែបានដឹងថា ពេជ្រ វត្តីសារ៉ាវឌី បានកែខ្ទង់ច្រមុះ ចង្ការ និងពង្រើកដើមទ្រូងជាដើម…៕