មួយរយៈពេលចុងក្រោយនេះតារាសម្តែង និង បង្ហាញម៉ូដ មាន សូនីតា បានឡើងគីឡូខ្លាំងដែលកំពុងធ្វើឱ្យនាងមានការព្រួយបារម្ភ ពីព្រោះកៀកថ្ងៃមង្គលរបស់ខ្លួនហើយ ។
ថ្មីៗនេះ មាន សូនីតា បានលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើន ជួបជាមួយនាងលើកនេះ គឺនាងពិតជាស្រស់ស្អាតប្លែកជាងពេលមុនទៅទៀត ប៉ុន្តែអ្វីដែលជាចម្ងល់ពីមហាជននោះគឺ ហេតុអ្វី មាន សូនីតា ធាត់បែកសាច់ខ្លាំងបែបនេះ ? បើប្រៀបធៀបទៅនឹងពេលមុនគឺពិតជាខុសគ្នាឆ្ងាយណាស់ ។
តាមរយៈរូបភាពមួយចំនួនដែល មាន សូនីតា បានបង្ហោះកាលពីពេលថ្មីៗនេះ គឺបង្ហាញឱ្យឃើញថា មាន សូនីតា ពិតជាឡើងគីឡូជាងមុនមែន ប៉ុន្តែនាងនៅតែស្រស់ស្អាតដដែល ។ កញ្ញា មាន សូនីតាបានញញឹមហើយឆ្លើយតបថា នាងក៏មានអារម្មណ៍ថាខ្លួនធាត់ជាងមុនដែរ ដោយសារមួយរយៈពេលនេះនាងឧស្សាហ៍ចូលរួមកម្មវិធីច្រើនពេក ញុំាបាន គេងបាន ហើយក៏ឡើងគីឡូបែបនេះទៅ ។
កញ្ញា មាន សូនីតា បានប្រាប់ថា សម្រាប់នាងចង់ស្គមគឺស្គមលឿនណាស់ តបអាហារ និង ហាត់ប្រាណតែប៉ុន្មានថ្ងៃ គឺស្រកគីឡូដូចដើមវិញហើយ តែទោះជាយ៉ាងណានាងក៏មានការព្រួយបារម្ភ ពីការឡើងគីឡូរបស់ខ្លួនផងដែរ ដោយសារនាងត្រៀមធ្វើកម្មវិធីធំមួយ ។
កញ្ញា មាន សូនីតា នៅពុំទាន់បញ្ជាក់ប្រាប់ពីកម្មវិធីធំដែលនាងគ្រោងធ្វើគឺជាកម្មវិធីអ្វីនោះទេ ? ដោយនាងសុំលាក់ទុកសិន ដើម្បីឱ្យមានការភ្ញាក់ផ្អើល ។
បើតាមប្រភពព័ត៌មានស្និទ្ធជាមួយ មាន សូនីតា បានបង្ហើបប្រាប់ថា មាន សូនីតា កំពុងសម្រកគីឡូឱ្យមានរាងស្អាត ដើម្បីត្រៀមចូលរោងការនៅបំណាច់ឆ្នាំ ២០២៣ តាមបំណងប្រាថ្នារបស់នាង ។ ទោះជាយ៉ាងនេះក្តី មាន សូនីតា នៅពុំទាន់ឆ្លើយតបចំពោះរឿងនេះទេ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នា ៕