ស្រីស្អាត ហ្វាហ្វា មិនខ្វល់រឿងបែកបាក់ស្នេហ៍ បែរជាបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងអាហារលើកទឹកចិត្តខ្លួនឯង

ថ្វីដ្បិតតែជីវិតស្នេហាតារាសម្តែង ហ្វាហ្វា បរាជ័យរាប់មិនអស់ ប៉ុន្តែនាងបែរជាជោគជ័យនៅក្នុងការងារសិល្បៈទៅវិញ រហូតចុងក្រោយនេះនាងបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីបើកហាងរកស៊ីមូយកន្លែង ។

ហ្វាហ្វា បានចាត់ទុកថា ការបែកបាក់គូស្នេហ៍គឺជាបទពិសោធមួយដែលនាងត្រូវចងចាំនៅក្នុងជីវិត បើទោះបីជានាងធ្លាប់បានឆ្លងកាត់ស្នេហាមិនសមបំណងជាច្រើនលើកច្រើនសារមកហើយក្តី ក៏នាងមិនបបានបណ្តោយខ្លួន​ឱ្យធ្លាក់ទៅក្នុងជ្រោះជ្រៅដែរ ផ្ទុយទៅវិញនាងបែរពង្រឹងស្មារតី និងងើបឡើង សាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈឱ្យកាន់តែល្បីល្បាញឡើង ជាក់ស្តែងបច្ចុប្បន្ននាងទទួលការងារជា BA ឱ្យផលិតផលធំៗជាច្រើនដោយទទួលបានតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ។  

ទន្ទឹមនិងភាពល្បីល្បាញនេះ កញ្ញា ហ្វាហ្វា ទើបតែបោះទុនប្រាក់រាប់ម៉ឺនដុល្លារដើម្បីបើកហាងអាហារមួយកន្លែង ពេលនេះហាងរបស់នាងបានរៀបចំរួចរាល់ហើយ រងចាំថ្ងៃសម្ពោធមកដល់ប៉ុណ្ណោះ ។ មូលហេតុដែល ហ្វាហ្វា បោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងរកស៊ីនេះ គឺដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនផង និងដើម្បីលើកទឹកចិត្តខ្លួនឯងដែលបានខំប្រឹងរកលុយអស់ពេលជាច្រើនឆ្នាំ ។ បើតាមប្រភព័ត៌មានស្និទ្ធជាមួយ ហ្វាហ្វា បានបង្ហើបប្រាប់ថា ហ្វាហ្វា បើកហាងរកស៊ីនេះ មានការចូលហ៊ុនពីគូស្នេហ៍ថ្មីរបស់នាង ពេលនេះនាងកំពុងរីករាយជាមួយនិងដៃគូថ្មីរបស់ខ្លួន ដោយសារតែបុរសរូបនោះស្រឡាញ់នាងខ្លាំង ហើយគេយល់ព្រមធ្វើគ្រប់បែបយ៉ាងសម្រាប់នាង ។

ទោះបីជាកញ្ញា ហ្វាហ្វា ធ្លាប់បរាជ័យរឿងស្នេហារាប់មិនអស់ ប៉ុន្តែតារាសិចស៊ីរូបនេះបានប្រាប់ថា នាងនៅតែ បើក បេះដូងទទួលយកស្នេហាថ្មីចូលមកក្នុងជីវិត បើមើលឃើញថា មានបុរសល្អណាម្នាក់អាចឱ្យនាងផ្ញើវាសនាបាន នាងនឹងជ្រើសរើសយកភ្លាម ។

ហ្វាហ្វា ក៏ត្រៀមនឹងបង្ហាញមុខមាត់ពិតគូស្នេហ៍ថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខដែរ ៕