ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន រៀបរាប់ប្រាប់ពីស្ថានភាពមុនជួបគ្រោះថ្នាក់បាក់ភ្លៅឆ្វេងរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយនាងមានជំនឿ និងបានដឹងមុនថា ខ្លួនអាចនឹងជួបហេតុការណ៍អាក្រក់ក្នុងពេលណាមួយ ។ តែទោះជាយ៉ាងនេះក្តីមកទល់ពេលនេះ ស៊ីន យូប៊ីន បានចាត់ទុកថា គ្រោះរបស់ខ្លួននាពេលនោះប្រែក្លាយទៅជាលាភវិញ ។
រយៈពេលជាច្រើនខែមកហើយដែលតារាសម្តែងដ៏មានប្រជាប្រិយ ស៊ីន យូប៊ី ជួបគ្រោះថ្នាក់ដោយចៃដន្យក្នុងអំឡុងពេលបំពេញ ការងារ រហូតធ្វើឱ្យនាង របួសបាក់ឆ្អឹងជំនី ប្រេះឆ្អឹងភ្លៅ ហើយត្រូវវះកាត់ដាក់ដែកនៅក្នុងសាច់ទៀតផង ។ មកទល់ពេលនេះស្ថានភាពសុខភាពរបស់នាងគឺបានល្អប្រសើរជាងមុនច្រើន ប៉ុន្តែគ្រូពេទ្យជំនាញនៅតែណែនាំមិនឱ្យនាងធ្វើការងារដែលប្រើកម្លាំងខ្លាំង ជាពិសេសគឺហាមមិនឱ្យពាក់ស្បែកជើងកែងចោទតែម្តង ។
ថ្វីដ្បិតតែគ្រួពេទ្យជំនាញបានហាមតារាស្រីរូបនេះ មិនឱ្យពាក់ស្បែកជើងកែងខ្ពស់ៗ ប៉ុន្តែ ស៊ីន យូប៊ីន តែប្រឹងពាក់ស្បែកជើងកែងទៅចូលរួមកម្មវិធីធំៗដូចមុនដដែល ជាពិសេសនាងថែមទាំងបានរាំច្រៀង ដោយមិនខ្លាចអ្វីទាំងអស់ នាងថែមទាំងបានអះអាងថា ជើងរបស់នាងបានគ្រាន់បើហើយ ដើម្បីភាពស្រស់ស្អាត នាងត្រូវតែពាក់ស្បែកជើងកែង ។
ជាមួយគ្នានេះផងដែរ កញ្ញា ស៊ីន យូប៊ីន បានរំលឹកមុនពេលនាងជួបគ្រោះថ្នាក់ថា បើតាមអបិយជំនឿ គឺនាងមានអារម្មណ៍ថា ខ្លួនអាចនឹងជួបគ្រោះថ្នាក់អ្វីមួយហើយ គ្រាន់តែនាងមិនជឿ តែនៅពេលដែលជួបហេតុការនោះពិតប្រាកដ ទើបធ្វើឱ្យនាងនឹកឃើញរឿងព្រឺសប្បុរមួយ ហើយនាងកាន់តែជឿថា គួរតែជឿរឿងអបិយជំនឿខ្លះ ។
ស៊ីន យូប៊ីន បានចាត់ទុកថា បន្ទាប់ពីជួបគ្រោះថ្នាក់ចៃដន្យរួច នាងទទួលបានលាភធំៗជាច្រើន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីខ្ទរខ្ទារ ដូច្នេះនាងលែងខ្វះពីរឿងឈឺចាប់នោះ ។
ថ្មីៗនេះផងដែរ កញ្ញា ស៊ីន យូប៊ីន ទើបតែទទួលថតរឿងថ្មីមួយជាមួយតារាសម្តែងល្បីឈ្មោះនៅក្នុងប្រទេស ភូមា ការសម្តែងនេះគឺអាចជួបនិងផលលំបាកជាច្រើន ពីព្រោះតែជើងរបស់នាងនៅឈឺនៅឡើយ តែទោះជាយ៉ាងណាក្តី ស៊ីន យូប៊ីន នៅតែប្តេជ្ញាចិត្តបំពេញការងារនេះឱ្យបានល្អ ពីព្រោះភាពយន្តថ្មីមួយនេះគឺជាភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលនាងមិនអាចរំលងបាន ៕