សម្រាប់មកុដ Miss Grand Cambodia 2023 ក្នុងឆ្នាំនេះ ត្រូវបានទៅលើកញ្ញា ភឹម ស្រីនោ ដែលជាបេក្ខភាពតំណាងទីក្រុង ភ្នំពេញ ដោយនាងឆ្លើយសំណួរបានយ៉ាងល្អ ធ្វើឱ្យគណកម្មការផ្តល់ពិន្ទុពេញចិត្តយ៉ាងខ្លាំង ។ មកុដ Miss Grand ដែលកញ្ញា ភឹម ស្រីនោ គ្រងក្នុងឆ្នាំនេះគឺទទួលបានដោយសមត្ថភាពរបស់នាងពិតៗ ។
មិនថាវគ្គឈុត ហែលទឹក ឈុតតំណាងជាតិ និងក្នុងវគ្គផ្តាច់ព្រ័ត្រ កញ្ញា ភឹម ស្រីនោ ធ្វើបានយ៉ាងល្អ ជាពិសេសពេលឆ្លើយសំណួរ នាងធ្វើបានយ៉ាងល្អ រហូតគណកម្មការផ្តល់ពិន្ទុឱ្យនាងទទួលបានមកុដនៅក្នុងឆ្នាំ ២០២៣ នេះ ។ ចំណែកកញ្ញា ពេជ្រ វត្តីសារ៉ាវឌី ដែលជា Miss Grand ឆ្នាំ២០២២ ក៏បានសាទរចំពោះកញ្ញា ភឹម ស្រីនោ ផងដែរ ។
គ្រាន់តែ ពេជ្រ វត្តីសារ៉ាវឌី បំពាក់មកុដ ដល់ កញ្ញា ភឹម ស្រីនោ ភ្លាម បានធ្វើឱ្យរូបនាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ពីព្រោះតែក្តីស្រមៃនិងការតស៊ូជាច្រើនឆ្នាំរបស់ខ្លួន បានសម្រេចដូចអ្វីដែលខ្លួនប៉ងប្រាថ្នា ។ កញ្ញា ភឹម ស្រីនោ បានត្រៀមខ្លួនរួចជាស្រេចតំណាង កម្ពុជា ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនៅលើទឹកដីប្រទេស វៀតណាម ។
ឆ្នាំនេះកញ្ញា ភឹម ស្រីនោ វ័យ ២៤ ឆ្នាំ នាងមានស្រុកកំណើតនៅខេត្ត កំពង់ចាម កន្លងមកនាងធ្លាប់ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញា ចំនួន ២ លើកមកហើយ ប៉ុន្តែមិនទទួលបានចំណាត់ថ្នាក់ល្អនោះទេ ការបរាជ័យទាំង ២ លើកមិនបានធ្វើឱ្យនាងបោះបង់ក្តីស្រមៃខ្លួនចោលឡើយ ផ្ទុយទៅវិញនាងបានដាក់ពាក្យប្រកួតជាបន្តបន្ទាប់ រហូតទទួលបានមកុដក្នុងក្តីស្រមៃ ។ កញ្ញា ភឹម ស្រីនោ បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិនៅប្រទេស ថៃ បន្ទាប់ពីរស់នៅទីនោះអស់ពេលជាច្រើនឆ្នាំ ហើយនៅឆ្នាំ ២០១៥ នាងបានត្រឡប់មករស់ នៅប្រទេស កម្ពុជា វិញ ៕