តារាសម្តែង តូតា បានសម្រាលកូនប្រុសទី ២ របស់ខ្លួនហើយដោយការវះកាត់កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ៨ យប់ ។
តូតា ពិតជារីករាយជាមួយកំណើតកូនទី ២ របស់ខ្លួនណាស់ បន្ទាប់ពីរងចាំមើលមុខកូនអស់ពេលយ៉ាងយូរ ។ តូតា បានដាក់ឈ្មោះកូនប្រុសទី ២ របស់ខ្លួនថា ប៉ុល បូនីតតេ សិល្បករសិល្បការិនីជាច្រើនបានផ្ញើសារអបអរ និងជូនពរនាងមានសុខភាពល្អ និងឆាប់វិលត្រឡប់មកកាន់វិថីសិល្បៈតាមបំណងប្រាថ្នារបស់ខ្លួនវិញ ។
តូតា ក៏មានបំណងចង់សម្រាលកូនទី ២ ដោយធម្មជាតិផងដែរ ប៉ុន្តែដោយសារមានបញ្ហាសុខភាព ទើបនាងជ្រើសរើសសម្រាលកូនដោយការវះកាត់ តែទោះជាយ៉ាងណាក្តី តូតា និង កូនប្រុសរបស់ខ្លួនមានសុខភាពល្អធម្មតាទេ ។
តូតា ជាតារាសម្តែងល្បីឈ្មោះមួយរូបកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែចាប់តាំងពីនាងសម្រេចចិត្តរៀបការមានគ្រួសារ នាងបានឃ្លាតឆ្ងាយពីសិល្បៈ ពីព្រោះបន្ទាប់ពីរៀបការរួចនាងបានយកកូនតាមបំណងប្រាថ្នាភ្លាមៗ ប៉ុន្តែក្រោយពីសម្រាលកូនទី ២ របស់ខ្លួន តូតា មាន បំណងនឹងវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈឡើងវិញ ។
មុនពេលសម្រាលកូនទី ២ តូតា ធ្លាប់បានប្រាប់ថា ពេលមានកូនទី ២ គីឡូនាងឡើងខ្លាំងណាស់ ដូច្នេះពេលសម្រាលកូនរួច នាងត្រៀមនឹងសម្រកគីឡូ ដើម្បីវិលត្រឡប់មកវិថីសិល្បៈវិញ ។
ក្រៅពីអាជីពសម្តែង តូតា មានមុខរបររកស៊ីជាច្រើននៅក្នុងដៃទាំងនៅទីក្រុងនិងនៅតាមខេត្ត ជាពិសេសនាងបានបើកហាងលក់មាសប្រាក់ដ៏ធំមួយនៅម្តុំ ទូលសង្កែ ដែលទទួលបានប្រាក់ចំណូលខ្ពស់មិនធម្មតា ទោះបីជានាងមិនប្រកបអាជីពសិល្បៈ ជីវិតនាងក៏មិនលំបាកដែរ ៕