ឆ្លងកាត់ឆាកតន្រ្តីរាប់មិនអស់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បែរជាចាត់ទុកថាការជួបអ្នកគាំទ្រនៅលើឆាកផ្លូវវេងស្រេងជាឆាកដែលមិនអាចបំភ្លេចបានក្នុងមួយជីវិត  

ទោះបីជាមានងារជាឧកញ៉ា ប៉ុន្តែតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត នៅតែធ្វើខ្លួនយ៉ាងសាមញ្ញា ជួបជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់ប្រកបដោយភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ចេញ ពីបេះដូងពិតៗ ជាពិសេសនៅក្នុងកម្មវិធីប្រគំតន្រ្តីផលិតផលEEW 9 របស់លោក ឧកញ៉ា យឹម តាស្រង់ កាលពីចុងសប្តាហ៍នេះ បានធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង ហើយលោក ខេមរៈ សិរីមន្ត ថែមទាំងបានពោលពាក្យថា ការប្រគំតន្រ្តីនៅផ្លូវវេងស្រេងជាការប្រគំតន្រ្តីមួយដែលលោកមិនអាចបំភ្លេចបានក្នុងមួយជីវិត ។

វត្តមានលោក ខេមរៈ សិរីមន្ត ក្នុងការប្រគំតន្រ្តី EEW 9 ក្នុងផ្សារទំនើប K-Mallផ្លូវវេងស្រេងកាលពីចុងសប្តាហ៍នេះ ពិតជាធ្វើអោយហ្វេនៗ មានភ្ញាក់ផ្អើលពិតមែន ជាក់ស្តែងតាមរយៈវិដេអូ Vlog ដែលលោក ខេមរៈ សិរីមន្ត បានបង្ហោះនៅលើ ហ្វេសប៊ុក កាលពីម្សិលមិញនេះ គឺមានអ្នកចូលរួមច្រើនកុះករ ហើយម្នាក់ៗបានបង្ហាញនូវក្តីស្រឡាញ់ និង ការគាំទ្រខ្លាំងលើរូបលោកពេញមួយទំហឹង ព្រោះក្នុងថ្ងៃនោះលោក ខេមរៈ សិរីមន្ត បានធ្វើខ្លួនយ៉ាងសាមញ្ញចុះមកថតរូប និង បង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយអ្នកគាំទ្រខ្លួនបន្ទាប់ពីច្រៀងចប់ ។

ក្រោយពីឃើញទង្វើរលោក ខេមរៈ សិរីមន្ត បែបនេះ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរមិនដាច់ពីមាត់ថា លោក ខេមរៈ សិរីមន្ត ជាតារាចម្រៀងមួយរូបដែលមិនចេះប្រកាន់ខ្លួន ថែមទាំងគួរឱ្យស្រឡាញ់ ទោះបីជាលោកឡើងងារជាឧកញ៉ា ប៉ុន្តែលោកនៅធ្វើខ្លូនសាមញ្ញដូចមុន  ។

ចំណែកលោក ខេមរៈ សិរីមន្ត វិញ បាននិយាយនៅក្នុងវិដេអូ Vlog របស់លោកថា លោកពិតជារីករាយណាស់ដែលបានជួបបងប្អូន និង អ្នកគាំទ្រនៅក្នុងការប្រគំតន្រ្តីនេះ អរគុណនូវទឹកចិត្តបងប្អូនទាំងអស់គ្នា ដូច្នេះហើយទើបលោកថតរូបភាព និងបង្ហោះវិដេអូ Vlog នេះដើម្បីទុកជាអនុស្សាវរីយ៍នៅលើទឹកដីផ្លូវវេងស្រេង ដែលជាការប្រគំតន្រ្តីមួយធ្វើឱ្យលោកចងចាំមិនអាចបំភ្លេចបានក្នុងមួយជិវិត ។

នៅក្នុងប្រគំតន្រ្តីនោះផងដែរលោក ខេមរៈ សិរីមន្ត ថែមទាំងបានបង្ហើរនូវសំនៀងជាច្រើនបទទៅតាមសំណូមពររបស់អ្នកគាំទ្រ មានទាំងបទចម្រៀងថ្មី និងបទចម្រៀងចាស់ៗ ។

ជាមួយគ្នានេះផងដែរ លោក ខេមរៈ សិរីមន្ត ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់នៅក្នុងផលិតកម្ម Galaxy Navatra ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ៕