កាលពីម្សិលមិញនេះអតីតតារាសម្តែង និងជា VJ អាណូ បានឡាយវិដេអូនិយាយពីវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ យំហូរទឹកភ្នែកផង លាបងលាប្អូនផង មុននឹងនាងយកកាំបិតចាក់សម្លាប់ខ្លួន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ប៉ុន្តែសំណាងល្អនាងត្រូវបានគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមួយ ។ នេះជាលើកទី ៤ ដែលអតីតតារាសម្តែងរូបនេះ ប៉ុនប៉ងសម្លាប់ខ្លួនព្រោះតែបញ្ហាសម្ពាធផ្លូវចិត្ត ។
បន្ទាប់ពីឃើញ VJ អាណូ ឡាយវិដេអូពីការប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ បានធ្វើឱ្យមហាជន និងមិត្តភក្តិស្និទ្ធស្នាលជាមួយនាង ម្នាក់ៗបានព្យាយាមលើកទឹកចិត្ត និងទៅជួយនាងដើម្បីកុំឱ្យនាងគិតខ្លី ចោលកូនចោលគ្រួសារ ។ ពេលនេះ VJ អាណូ បានរួចផុតពីគ្រោះថ្នាក់ហើយ តែនាងត្រូវសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបន្ទាប់ពីនាងបានយកកាំបិតចាក់ពោះខ្លួនឯង ។
VJ អាណូ បានបោះបង់អាជីពសិល្បៈច្រើនឆ្នាំមកហើយ ដោយនាងបានងាកទៅបើកហាងបាយមួយកន្លែងដែលមានឈ្មោះល្បីគួរសម ហើយក៏គ្មាននរណាម្នាក់ដឹងថា នាងមានបញ្ហាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ រហូតដល់ថ្នាក់ប៉ងសម្លាប់ខ្លួនបែបនេះដែរ ។
VJ អាណូ បានសារភាពថា នាងបានប៉ុនប៉ងសម្លាប់ខ្លួនចំនួន ៣ លើកមកហើយ តែមិនសម្រេច ហើយ នេះជាលើកទី ៤ ហើយដែលនាងប៉ងសម្លាប់ខ្លួនជាថ្មីម្តងទៀត ដោយសារនាងមានសម្ពាធផ្លូវចិត្តធ្ងន់ ធ្ងរ ដែលពិបាកនិងរកច្រកដោះស្រាយឃើញ ៕