ទីបំផុតបទចម្រៀងរបស់តារាចម្រៀងសម្លេងស្អកលោក ហួរ ឡាវី រួមជាមួយលោក ជី ដេវីត ដែលជាតារាចម្រៀង រ៉េបល្បីឈ្មោះដែលបានចាប់ដៃគ្នាធ្វើបទចម្រៀងលើកទីមួយរូមគ្នានេះ បានចេញជាផ្លូវការហើយ ដែលមានចំណងជើងថា « ឱ ! សង្សារបងហ្អើយ » ។
គ្រាន់តែ MV ចម្រៀង « ឱ ! សង្សារបងហ្អើយ » របស់លោក ហួរ ឡាវី និងលោក ជី ដេវីត ចេញជាផ្លូវការ សន្ទុះនៃការគាំទ្របទចម្រៀងនេះពិតជាខ្លាំងមិនធម្មតាទេ ដោយបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន រហូតដល់ម្នាក់ៗបានលាន់មាត់សរសើរថា លោក ហួរ ឡាវី ចាស់ហើយសម្លេងនៅតែល្អ ខ្លាំង និង មានកម្លាំងដូចដើម ។
លោក ហួរ ឡាវី ជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពច្រើនជំនាន់មកហើយ ប៉ុន្តែចុងក្រោយនេះដោយ សារលោកមានបញ្ហាសុខភាព ទើបលោកខកខានក្នុងការចេញបទចម្រៀងផ្ទាល់ខ្លួន ភាគច្រើនលោកចេញតែច្រៀងតាមកម្មវិធីមួយចំនួនប៉ុណ្ណោះ ។ លោក ហួរ ឡាវី បានញញឹម និងនិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា លោកពិតជាសប្បាយចិត្តណាស់ដែលបានចេញបទចម្រៀងថ្មីរួមជាមួយលោក ជី ដេវីត ដែលជាតារាចម្រៀងជំនាន់ក្រោយ លោកសង្ឃឹមថា បងប្អូននិងចូលចិត្ត ហើយស្រឡាញ់បទចម្រៀងថ្មីរបស់លោក ។
ឆ្នាំនេះលោក ហួរ ឡាវី មានវ័យ ៧៧ ឆ្នាំហើយ ប៉ុន្តែសម្លេងលោកពុំមានអ្វីប្រែប្រួលឡើយ ជាក់សម្តែង សម្លេងរបស់លោកក្នុងបទចម្រៀង « ឱ ! សង្សារបងហ្អើយ » លោកនៅតែអាចស្រែកច្រៀងយ៉ាងក្រអួនក្រអ៉ៅ និងពោញទៅដោយថាមល ។ តោះស្តាប់សម្លេងតារាចម្រៀងសម្លេងស្អកវ័យ ៧៧ ឆ្នាំ លោក ហួរ ឡាវី ទាំងអស់គ្នា ៕