មកទល់ពេលនេះជើងរបស់បេក្ខភាព Miss Grand Cambodia 2023 កញ្ញា អូ ដាវី នៅតែពុំទាន់ជាសះស្បើយនៅ ឡើយទេ នាងនៅតែជិះរទះរុញ ឬប្រើឈើច្រត់ដើម្បីទប់លំនឹង ជាក់ស្តែងនៅក្នុងថ្ងៃប្រកួតឈុតហែលទឹក នាងបានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងពីការតស៊ូប្រឹងប្រែងរបស់នាង ។
អាចចាត់ទុកថា កញ្ញា អូ ដាវី ជាបេក្ខភាពលេចធ្លោមួយរូបផងដែរក្នុងកម្មវិធី Miss Grand Cambodia 2023 ពីព្រោះនាងមិនត្រឹម តែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានភាពឆ្លាតវៃ និងមានទេពកោសល្យខ្ពស់ក្នុងការដើរម៉ូដផងដែរ ប៉ុន្តែដោយសារជួបឧបទេវហេតុឆ្កែខាំជាច្រើនចង្កូមកាលពីពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់ដល់ជើងរបស់នាងធ្ងន់ធ្ងរ រហូតគ្រូពេទ្យហាមមិនទាន់ឱ្យនាងពាក់ស្បែកជើងកែង ។ រឿងនេះធ្វើឱ្យ អូ ដាវី មានការព្រួយបារម្ភចំពោះការប្រកួតរបស់ខ្លួនខ្លាំងណាស់ ។
ថ្វីដ្បិតតែជើងរបស់ អូ ដាវី នៅពុំទាន់អាចដើរបាន ប៉ុន្តែនៅក្នុងថ្ងៃប្រកួតឈុតហែលទឹកកាលពីថ្ងៃទី ០៧ ខែ សីហា កន្លងមកនេះ កញ្ញា អូ ដាវី នៅតែព្យាយាមចូលហ្វឹហាត់ និងលេចមុខក្នុងកម្មវិធីទៅតាមគម្រោងដែលបានគ្រោងទុក បើទោះបីជានាងត្រូវជិះរទះរុន និង ប្រើឈើច្រត់ដើម្បីទប់លំនឹងខ្លួនក្តី នាងមិនមានអារម្មណ៍អៀនខ្មាស់ឡើយ ផ្ទុយទៅវិញ នាងបានក្រោយឈរដោយភាពក្លាហាន និង បញ្ចេញនូវស្នាមញញឹមប្រកបដោយភាពជឿជាក់ទៅកាន់មហាជន ។
កញ្ញា អូ ដាវី សង្ឃឹមថា នាងអាចនឹងពាក់ស្បែកជើងកែងចោទ បានវិញក្នុងពេលឆាប់ៗ ដើម្បីបន្តក្តីស្រមៃខ្លួនក្នុងវិស័យបវរកញ្ញានេះ ជាពិសេសការប្រកួតសំខាន់ៗនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ ។
បើតាមស្ថានភាពជាក់ស្តែងជើងកញ្ញា អូ ដាវី នៅពុំទាន់ជាសះស្បើយនៅឡើយទេ គ្រូពេទ្យជំនាញបានឱ្យនាងសម្រាកដើម្បីថែទាំនិងតាមដានជាប្រចាំ យ៉ាងយូ ៦ ខែ ទើបជើងនាងអាចរឹងមាំ និងដើរបានស្រួលដូចដើម ៕