តារាចម្រៀង សុគន្ធ និសា បានចេញទៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារមកហើយតាំងពីរៀបការមានគ្រួសារ ដើម្បីសួរសុខទុក្ខគ្រួសារខាងស្វាមីផង និងដើម្បីពិនិត្យសុខភាពរបស់ខ្លួនផង ។ ជាមួយនិងការចាកចេញរបស់ តារាចម្រៀង សុគន្ធ និសា លើកនេះ នាងសង្ឃឹមថា បំណងប្រាថ្នាធំរបស់ខ្លួននិងស្វាមីទទួលបានជោគជ័យដូចអ្វីដែលខ្លួនបានគ្រោងទុក ។
សុគន្ធ និសា បានឡើងយន្តហោះទៅ សហរដ្ឋអាមេរិក នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៣ នេះជាមួយស្វាមីរបស់ខ្លួន ដោយមានមិត្តភក្តិនិងបងប្អូនមួយចំនួនបានជូនដំណើរ ភាគច្រើនមិត្តភក្តិបានជូនពរនាងជោគជ័យនៅក្នុងការចេញទៅ សហរដ្ឋអាមេរិក លើកនេះ ។
បំណងប្រាថ្នាធំរបស់តារាចម្រៀង សុគន្ធ និសា ចេញទៅ សហរដ្ឋអាមេរិក លើកនេះគឺមានតែមួយគត់ គឺនាងទៅ តាមការណាត់ជួបរបស់គ្រួពេទ្យជំនាញនៅទីនោះដើម្បីពិភាក្សារឿងយកកូនតាមបំណងប្រាថ្នា ពីព្រោះវ័យរបស់នាងក៏ច្រើនគួរសម បើបណ្តោយពេលវេលាទៀត អាចនឹងមានការផ្លោះធ្លោយ ។ សុគន្ធ និសា កាន់តែកក់ក្តៅចិត្តនៅពេលដែលបានស្វាមីខ្លួននៅក្បែរគ្រប់ជំហាន ។
មុនចេញទៅ សហដ្ឋអាមេរិក តារាចម្រៀង សុគន្ធ និសា ធ្លាប់បានប្រាប់ថា ពេលបំពេញការងារចប់ នាងនឹងទៅ អាមេរិក ជាថ្មីម្តងទៀត ដើម្បីដើរកម្សាន្ត និង សម្រេចបំណងប្រាថ្នាធំ ទើបនាងត្រឡប់មកវិញ ។
សុគន្ធ និសា នៅពុំទាន់កំណត់ថានឹងត្រឡប់មកស្រុកកំណើតវិញនៅពេលណាមួយច្បាស់លាស់នៅឡើយទេ ដោយសារគម្រោងចាក់ចេញរបស់នាងលើកនេះគឺធំជាងរាល់ដង ប៉ុន្តែសម្រាប់នាងនៅតែស្រឡាញ់ និង បន្តអាជីពចម្រៀងដូចដើម ៕