នាថការី សុគា គឹមលាង ហៅ កូនអាន់ មិនចង់ល្បីឈ្មោះដោយសារថតសិចស៊ីខ្លាចប៉ះពាល់កិត្តិយស  

នាថការី សុគា គឹមលាង ហៅ កូនអាន់ កាន់តែល្បីឈ្មោះបន្ទាប់ពីបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ធំៗជាប់ៗគ្នានាពេលកន្លងមក រហូតត្រូវបានអ្នកដឹកនាំរឿង និង បណ្តាក្រុមហ៊ុនជាច្រើនហៅនាងចូលរួមប្រលងបវរកញ្ញាក្នុងកម្មវិធីជាច្រើន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុគា គឹមលាង បែរជាបដិសេធមិនចូលរួមប្រលង ឬថតភាពយន្តណាដែលសិចស៊ីខ្លាំងនោះទេ  ព្រោះខ្លាចប៉ះពាល់ដល់កិត្តិយស ។

ស្ថិតក្នុងវ័យ ២៤ ឆ្នាំ សុគា គឹមលាង កាន់តែមានរូបសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ពីមហាជន ។ សុគា គឹមលាង បានបញ្ជាក់ប្រាប់ថា នាងចូលចិត្តសិល្បៈបុរាណច្រើនជាងសម័យ ហើយចរិតរបស់នាងក៏បុរាណទៅតាមហ្នឹងដែរ ទាំងការស្លៀកពាក់ និងការតុបតែងខ្លួន បើនិយាយពីរឿងសិចស៊ី គឺនាងសុំចាញ់គេហើយ ។

ដោយសារតែមិនហ៊ានថតសិចស៊ី ឬ ស្លៀកឈុតហែលទឹក ទើបធ្វើឱ្យ សុគា គឹមលាង មិនដាច់ចិត្តដាក់ពាក្យចូលរួមប្រកួតក្នុងវិស័យបវរកញ្ញា ដូចដឹងស្រាប់ហើយថា បវរកញ្ញា ត្រូវហ៊ានថត និងបង្ហាញនូវភាពក្លាហានគ្រប់ទម្រង់ ទាំង ការស្លៀកពាក់ឈុតហែលទឹកផងដែរ ។ សុគា គឹមលាង ថា នាងសុំចាញ់គេរឿងសិចស៊ីហ្នឹងហើយ ដោយសារនាងខ្លាចប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះជានាថការី របស់ខ្លួន ។ បើទោះបីជាមានគេឱ្យតម្លៃខ្លួនខ្ពស់ក្នុងការថតប៉ុណ្ណាក៏ដោយ ក៏នាងមិនទទួលថតដែរ ។

ថ្វីដ្បិតតែមិនទទួលថតសិចស៊ីប៉ុន្តែ សុគាគឹមលាន ហៅ កូនអាន់ នៅតែទទួលថតស្ពត ថតសំអាង និង ម៉ូដដូចដើម ពីព្រោះការងារទាំងនេះធ្វើឱ្យនាងទទួលបានប្រាក់ចំណូលបន្ថែមពីលើការងារចាស់របស់ខ្លួន ជាពិសេស នាងទទួលថតតែរឿងអប់រំខ្នាតខ្លីៗប៉ុណ្ណោះ ចំណែករឿងភាគក៏នាងមិនទទួលថតដែរ ។  

ក្រៅពីសិល្បៈ សុគា គឹមលាង ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនមួយចំនួនដែរ ទាំងហាងលក់តែគុដ ហាង លក់សម្ភារៈប្រើប្រាស់ប្រ៊េនប្រ៊េនផ្សេងៗ  រយៈពេលពីរឆ្នាំមកហើយដែលនាងបានបើកដំណើរការងាររកស៊ីទាំងនោះ ហើយទទួលបានប្រាក់ចំណូលច្រើនគួរសម ៕