តារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី សុខចិត្តលក់ប្រហុក ផ្អក ក៏មិនទទួលថតរឿងណាដែលមិនសក្តិ សម កិត្តិយសខ្លួន !

តារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី នៅតែប្រកាន់ជំហរមិនព្រមទទួលថតរឿងណាដែលមិនសក្តិសមនិងកិត្តិយសខ្លួន បើទោះបីជាត្រូវដាច់ចំណូលពីការងារសិល្បៈក៏អ្នកស្រីមិនខ្វល់ដែរ ដោយអ្នកស្រី សុខចិត្តទៅលក់ផ្អក លក់ប្រហុក និងលក់ត្រីងៀត ជាជាងថតរឿងដែលខ្លួនមិនចង់ធ្វើ ។

អ្នកស្រី ចាន់ តារាទី ជាតារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ស្គាល់ និងផ្តល់តម្លៃខ្ពស់ ដោយសារអ្នកស្រីមានទេពកោសល្យសម្តែងល្អ ពិបាកនិងរកគូប្រដូចណាស់ ។ រយៈពេលច្រើនឆ្នាំនៅក្នុងសិល្បៈអ្នកស្រី ចាន់ តារាទី នៅតែអាចរក្សាតំណែងនិងតំលៃរបស់ខ្លួនបានយ៉ាងល្អ ថ្វីដ្បិតតែពេលនេះអ្នកស្រីមានវ័យច្រើន និងសម្តែងជាតួអង្គម្តាយ ប៉ុន្តែអ្នកស្រី ទទួលបានការយកចិត្តទុកដាក់ និង ផ្តល់តម្លៃខ្លាំងពីអ្នកដឹកនាំរឿង ។

អ្នកស្រី ចាន់ តារាទី បានប្រាប់ថា អ្នកស្រីទទួលថតតែរឿងណាដែលល្អ និងសមទៅនិងតួអង្គរបស់អ្នកស្រីប៉ុណ្ណោះ បើតួអង្គណាដែលសម្តែងទៅលើសលុប ឬ ប៉ះពាល់ដល់សង្គមខ្លាំង គឺអ្នកស្រីមិនទទួលថតឡើយ មិនថាអ្នកដឹកនាំ ឱ្យតម្លៃខ្លួនពីការថតនោះខ្ពស់ប៉ុណ្ណាក៏អ្នកស្រីមិនទទួលថតដែរ ។

ជាមួយនិងការប្រកាន់ជំហរមិនថតរឿងណាដែលមិនសក្តិសមនិងក្តិយសនេះ អ្នកស្រី ចាន់ តារាទី ថែមទាំំងបាននិយាយថា បើមានការងារថត ក៏ទទួលថត បើអត់ការងារនោះក៏អ្នកស្រីក៏មិនដាច់ពោះស្លាប់ដែរ អ្នកស្រី សុខចិត្តលក់ ផ្អក លក់ប្រហុក លក់ត្រីងៀត ក៏អាចបានប្រាក់ចំណូលចិញ្ចឹមជីវិត ដាច់ខាតអ្នកស្រីមិនថតរឿងណាដែលមិន សមនិងតម្លៃខ្លួន ។

ក្រៅពីសិល្បៈអ្នកស្រី ចាន់ តារាទី ក៏បានបង្កើតមុខរបរលក់ ត្រីងៀត ប្រហុក ផ្អក ជាយូរឆ្នាំមកហើយ ក្នុងមួយខែៗអ្នកស្រីអាចរកបានប្រាក់ចំណូលច្រើនគួរសម ពីព្រោះមានអតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេស ស្រឡាញ់ គាំទ្រស្នាដៃធ្វើប្រហុក ផ្អក និង ត្រីងៀតរបស់អ្នកស្រី​ច្រើនណាស់  ។

មកទល់ពេលនេះអ្នកស្រី ចាន់ តារាទី នៅតែរស់នៅក្នុងឈ្មោះជាស្រ្តីមេម៉ាយដែលប្រឹងប្រែងចិញ្ចឹមកូនៗដោយបាត ដៃទាំងពីរ អ្នកស្រីថា ចាប់ពីពេលនេះទៅអ្នកស្រីមិនខ្វល់ពីរឿងរៀបការមានគូស្រករថ្មីទៀតទេ ពេលនេះអ្នកស្រីមានវ័យច្រើនហើយ មិនដឹងយកគ្រួសារមកធ្វើអ្វី រស់នៅជាមួយកូនៗសប្បាយចិត្តជាង ៕