ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី៤០លានដុល្លារសម្រាប់កំណែទម្រង់សំខាន់ៗក្នុងការផ្តល់សេវានៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជា បន្ត បន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។នេះបើយោងតាម ADBកាលពីថ្ងៃទី២៦កក្កដា២០២៣។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំ ឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្ត សម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និងការ អប់រំជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងកម្រិតមូលដ្ឋានផងដែរ»។

កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADB លើកំណែទម្រង់វិមជ្ឈការក្នុងប្រទេសកម្ពុជា រួមទាំងការ បង្កើតគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ដំណើរការវិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ ចំណូលនៅថ្នាក់ក្រោមជាតិ។ ADB បានជួយបង្កើតការិយាល័យសេវាច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព និងគុណភាពនៃសេវាកម្មដែលបានផ្តល់។

កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការ និងប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយ ដើម្បីបំពេញតម្រូវ ការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័ត ក្រោមកម្មវិធីរងទីមួយ ដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈ និងសមត្ថភាពសម្រាប់ មន្ត្រីរដ្ឋបាលមូលដ្ឋាន តាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។

ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការចាប់តាំងពីឆ្នាំ ២០០២ ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំង វិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣៕ អត្ថបទ៖សារេត