ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញសក្កានុពល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រាប់ប្រទេសហ្គាណា ខណៈលោកក៏បានបង្ហាញការស្វាគមន៍ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្គាណា និងកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យកសិកម្ម សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀងផងដែរ។
នេះបើយោងតាមជំនួបសម្តែងការគួរសមរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយលោកស្រីFlorence Buerki Akonor ឯកអគ្គរដ្ឋទូតហ្គាណាប្រចាំកម្ពុជា កាលថ្ងៃ ១៥ ខែកក្កដា។
ក្នុងជំនួបនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្វាគមន៍ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀងរវាងប្រទេសហ្គាណា និងកម្ពុជា ខណៈនាពេលនោះ លោកក៏បានបានលើកឡើងអំពីបទពិសោធរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ដំណាក់អសន្តិសុខស្បៀង អំឡុងឆ្នាំ១៩៩៣ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសនាំអង្ករចេញធំៗទាំង១០លើសាកលលោកនាពេលបច្ចុប្បន្នផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគោលនយោបាយកសិកម្មកម្ពុជា ក្នុងការធ្វើសហប្រតិបត្តិការវិនិយោគក្រៅប្រទេស និងការចូលរួមធានានូវសន្តិសុខស្បៀងពិភពលោក ស្របតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងកិច្ច សហការវិនិយោគនៅប្រទេសគុយបា និងកូឌវ័រ ដែលអ្នកវិនិយោគកម្ពុជាធ្វើការវិនិយោគផ្ទាល់ក្នុងប្រទេសទាំងនេះតែម្តងសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញអង្ករផងដែរ។
ដោយ លោក ឌិត ទីណា បានបញ្ជាក់ដូច្នេះថា៖« យុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជា គឺមិនផ្តោតសំខាន់លើការបង្កើនបរិមាណនោះទេ តែយកចិត្តទុកដាក់ជាសំខាន់លើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងមានតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ហើយចំណុចសំខាន់មួយទៀត គឺត្រូវពិចារណាលើការពិនិត្យលទ្ធភាពការនាំចេញស្រូវ និងការកែច្នៃជាអង្ករសម្រាប់នាំចេញ ដែលផ្តល់នូវអត្ថប្រយោជន៍ផ្សេងគ្នា លើសពីនេះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូរ គឺកម្ពុជាប្រកាន់ជំហរលើគោលការស្មើភាពទាំងទុនវិនិយោគ និងផលប្រយោជន៍»។
ហេតុនេះ លោករដ្ឋមន្រ្តីអះអាងថា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការប្រព្រឹត្តទៅរលូន និងជោគជ័យពិតប្រាកដ លោករដ្ឋមន្រ្តីកសិកម្ម បានអះអាងដែរថា គឺទាមទារឱ្យមានសន្តិសុខ ស្ថិរភាព និងការសម្របសម្រួលទាំងទិដ្ឋភាពច្បាប់ នយោបាយ និងបច្ចេកទេស ហើយរវាងកម្ពុជា និងហ្គាណា គឺជាឱកាស និងមានសញ្ញាល្អ ដោយសារមានរបបគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពភូមិសាស្ត្រ អាកាសធាតុប្រហាក់ប្រហែលគ្នា ដែលអំណោយផលដល់ការធ្វើផលិតកម្មកសិកម្ម ពិសេសគោលដៅលើដំណាំស្រូវ។
ប្រើតាមក្រសួងកសិកម្ម បានបញ្ជាក់ដែរថា ជាជំហានបន្ទាប់ ក្រុមការងារពាក់ព័ន្ធ នឹងបន្តរៀបចំកិច្ចប្រជុំបន្តរួមគ្នា ដើម្បីស្វែងយល់ពីគ្នា និងគិតគូរលើការរៀបចំឱ្យមានអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា និងហ្គាណា ដោយផ្តោតទៅលើអ្វីដែលយើងចង់សម្រេចបាន ។ ជាមួយគ្នានេះ ភាគីពាក់ព័ន្ធ នឹងសិក្សាឱ្យបានច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងបង្កលក្ខណៈងាយស្រួល និងឱ្យមានជំនឿទុកចិត្តពីវិស័យឯកជនលើស្ថិរភាព និងផលចំណេញ។ លើសពីនេះ ភាគីទាំងពីរ ក៏នឹងត្រូវយកចិត្តទុកដាក់ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ ធាតុចូលសម្រាប់កសិកម្ម និងការចំណាយសម្រាប់ផលិតកម្មផងដែរ៕
អត្ថបទ៖ ពិសី