វិស័យឧស្សាហកម្មនៅកម្ពុជា រំពឹងថា នឹងមានកំណើនរហូតដល់៣៩ភាគរយ នៅក្នុងឆ្នាំ២០២៣នេះ ទស្របពេលដែលគម្រោងវិនិយោគថ្មីៗបន្ថែមទៀតនៅលើវិស័យបច្ចេកវិទ្យានិងវិស័យធនធានរ៉ែ នៅក្រោយដំណើរការបោះឆ្នោតខាងមុខនេះ ។ នេះបានតាមការបញ្ជាក់របស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ វេទិកាធុរកិច្ចប្រកបដោយនិរន្តរភាពក្រោមប្រធានបទ «រួមគ្នាដើម្បីការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា» កាលពីថ្ងៃទី៦ ខែកក្កដា ។
ឯកឧត្តម បានបន្ថែមថា ការបង្កើតបទដ្ឋានគតិយុត្តិជាច្រើនបន្តបន្ទាប់ និងការដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្ត ច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា គឺបានទាក់ទាញវិនិយោគិនជាបន្តបន្ទាប់។ នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី កម្ពុជានឹងជំរុញលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលធនមនុស្សនៅក្នុងគម្រោងវិនិយោគនានា។
ជាមួយគ្នានេះលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានលើកឡើងដែរថា សមាគមសហគ្រិនវ័យ ក្មេងកម្ពុជាកាលពីពេល បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ក្នុងគោលដៅពង្រឹងសមត្ថភាពធុរកិច្ច កសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់ត្រៀមលក្ខណៈជាស្រេចក្នុងការប្រកួតប្រជែងជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាន និងឆាកអន្តរជាតិជាច្រើន និងចាប់យកឱកាសផ្សេងៗ សម្រាប់អភិវឌ្ឍអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចការទទួលបានការត្រៀមខ្លួនសម្រាប់ធ្វើជាដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុង និងក្រៅប្រទេស។
លោកឧកញ៉ា បន្តថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានទស្សនៈវិស័យចង់ឃើញ សហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ប្រកប របរ អាជីវកម្មប្រកបដោយបច្ចេវិទ្យា នវានុវត្តន៍ បរិយាប័ន្ន និងមានស្ថេរភាពល្អ ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ។
គួរបញ្ជាក់ថា វិស័យឧស្សាហកម្មនៅកម្ពុជា គឺមានកំណើនរៀងរាល់ឆ្នាំ លើកលែងតែក្នុងឆ្នាំ ២០២០ និង ២០២១ប៉ុណ្ណោះ ដែលមានការធ្លាក់ចុះ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៣នេះ ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៦ភាគរយ ។
អត្ថបទ៖ ពុទ្ធិកា