រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីជំនាញជំរុញការងារ​ចុះ​បញ្ជីម៉ាក​សម្គាល់​ភូមិសាស្រ្ត​​ក្តាមថ្មកោះកុង និង​ប្រហុក​សៀមរាប

ដើម្បីសំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ​កម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានស្នើឱ្យសមាជិកសមាជិកានៃ​គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្ត​ទិស​ដៅការងារ ដោយជំរុញការចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្រ្តក្តាមថ្មកោះកុង និងប្រហុកសៀមរាប។

ការជំរុញរបស់ឯកឧត្តម រដ្ឋមន្តី្រដូចនេះ បានធ្វើឡើងនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្ម​សិទ្ធិបញ្ញា​ឆ្នាំ២០២២ និងលើកទិសដៅ​ការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏ជំរុញឲ្យបញ្ចប់ការចុះបញ្ជីម៉ាកសមូហភាព ក្រូចពោធិសាត់ ចម្លាក់ប្រាក់ស្ពាន់​ខេត្ត​កណ្តា​ល និងទឹកមាត់ត្រចៀកកាំកម្ពុជា។ ជាពិសេសជំរុញការផ្សព្វផ្សាយ​តា​ម​ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វ​ផ្សាយ​ផ្សេង​ៗ តាមកម្មវិធីជាតិ អន្តរជាតិ នូវម៉ាកសម្គាល់​ភូមិ​សាស្រ្ត និងម៉ាកសមូហភាពដែលបានចុះបញ្ជីរួច ឱ្យក្លាយ​ជា​គោល​​ដៅ​​ទេសចរណ៍ និងវប្បធម៌។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្ មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពា​ណិជ្ជកម្ម ចំនួន ៦,១៣៥ ក្នុងនោះបានចុះបញ្ជីចំនួន ៤,៨៤៧ ម៉ាក។ សម្រាប់ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា​ជា​លេខា​​ធិការដ្ឋាន បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀម​ដាក់ជូនកិច្ច​ប្រជុំពេញ​អង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ពុទ្ធិកា