សម្តេចតេជោ ហ៊ុន សែន ឲ្យពន្លឿន​រៀប​ចំច្បាប់​តុលាកា​រ​ពា​ណិ​​​ជ្ជកម្ម ដើ​ម្បី​ពង្រឹង​ការ​ធ្វើ​ធុរ​កិច្ច​នៅ​កម្ពុ​ជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការរៀបចំច្បាប់តុលារការពាណិជ្ជកម្មនៅកម្ពុជាឱ្យបានលឿនតាមដែលអាចធ្វើបាន ដើម្បីពង្រឹងនៅការជឿជាក់លើការធ្វើធុរកិច្ចនៅកម្ពុជា ។ ការជំរុញនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដើម្បីក្លាយជាមូលដ្ឋានកតិយុទ្ធ សម្រាប់បច្ចុប្បន្ន និងអនាគត ហេតុនេះខ្ញុំសូមជំរុញឱ្យមាមការពងន្លឿនឱ្យមានការរៀបចំច្បាប់តុលាការពាណិជ្ជកម្មឱ្យបានរួចនៅក្នុងនិតិកាលខាងមុខនេះ ដើម្បីផ្តល់ទំនុកចិត្តដល់បណ្តារអ្នកវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« សូមរៀបចំច្បាប់តុលារការពាណិជ្ជកម្មនេះឡើង ធ្វើយ៉ាងណាឱ្យរួចនៅនីតិកាលខាងមុខ ព្រោះរាល់ថ្ងៃការងារតុលាការកាន់តែធំ កាន់តែច្រើន គឺកាត់ក្តីគ្រប់រឿង និងមានការងារដោះស្រាយមមាញឹកច្រើនហើយ ចឹងទេយើងត្រូវតែមានតុលាការឯកទេសច្បាស់លាស់ ដើម្បីជំរុញឱកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលាយ»។

សម្ដេចតេជោ ហ៊ុន សែន ក៏សង្កត់ធ្ងន់ដែរថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា៕