អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែមិថុនានេះ ជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ថាការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លី មិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង បាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយ ប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច បង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដៃគូ ឬតាមរយៈកម្មវិធី “GDT Taxpayer App”។
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់នេះ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់៕
អត្ថបទ៖ អក្ខរា