លេខឡានពិសេសផ្ទាល់ខ្លួន បានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ខែឧសភា ឆ្នាំ២០២៣នេះ យើងលក់លេខឡានពិសេសផ្ទាល់ខ្លួនបាន ១ម៉ឺន៩ពាន់ផ្លាក បានចំណូល ៣៣លានដុល្លារ។ រីឯលេខឡានពិសេស រាជធានី ខេត្ត លក់បាន ២២៨,០០០ផ្លាក បានចំណូល ៦២លានដុល្លារ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងពិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធី «ខួប ៣ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត» ប្រព្រឹត្តទៅកាលពីថ្ងៃទី ០៧-០៨ មីនា ២០២៣ ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២១ ខែមិថុនានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ថវិកាប្រមាណ ៩៥លានដុល្លារបានពីការលក់ផ្លាកលេខពិសេសនេះ បានចូលថវិកាជាតិ ក្នុងនោះមួយចំនួន ត្រូវបានផ្តល់ជូនកាកបាទក្រហមកម្ពុជា។
ឯកឧត្តមឲ្យដឹងថា ក្រសួងធ្លាប់បានផ្តល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ២០ម៉ឺនដុល្លារម្តងរួចមកហើយ ពីការលក់ផ្លាកលេខពីសេសផ្ទាល់ខ្លួនលេខ ២ និងថវិកា២០ម៉ឺនដុល្លារ បានពីការលក់ស្លាកលេខពិសេស កម្ពុជា ៥ បានផ្តល់ជូនក្នុងការកសាងផ្ទះជូនអតីតយុទ្ធជនផងដែរ ហើយនេះជាការផ្តល់ជូនថវិកជាលើកទី៣ ចំនួន២០ម៉ឺនដុល្លារ គឺ ១០ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា និង១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារជាតិ។
គួរបញ្ជាក់ថា ស្លាកលេខពិសេសនេះ គឺម្ចាស់យានយន្តអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលពួកគេចង់បាន ហើយក៏អាចរក្សាទុកស្លាកលេខពិសេសនេះប្រើប្រាស់ពេញមួយជីវិត បើទោះបីជារថយន្តត្រូវបានលក់បន្តក៏ដោយ៕
អត្ថបទ៖ អក្ខរា