ក្រុមហ៊ុនអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីរបស់អូស្ត្រាលី ស្វែងរកការវិនិយោគនៅកម្ពុជា

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនានេះថា វិស័យកសិ-ចំណីអាហារ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ការរីកចម្រើននៅកម្ពុជា ហើយអូស្ត្រាលីក៏កំពុងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះ។
ថ្មីៗនេះ SPC ដែលជាក្រុមហ៊ុនអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីស្វែងរកការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលី ក្នុងការពង្រឹងទំនាក់ទំនងផ្នែកកសិកម្មជាមួយកម្ពុជា។ ទស្សនកិច្ចនេះ ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យរវាងក្រុមហ៊ុន SPC Global និងប្រតិភូកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ទៅកាន់សួនកសិ-ឧស្សាហកម្ម នៅប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំនេះ។ បើតាមស្ថានទូត កម្មវិធី CAPRED មានគោលបំណងក្នុងការជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព បរិយាន្ន និងភាពធន់៕