ដើម្បីអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ទាំងផ្នែករឹង និងផ្នែកទន់ចំនួន ១៧៤ គម្រោង ត្រូវបានរៀបចំឡើង ជាមួយនឹងការប៉ាន់ស្មានថវិកាវិនិយោគចំនួន $50.6 billion សម្រាប់រយៈពេល ១០ ឆ្នាំ។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី៣ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣”។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ការរៀបចំ “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងឆ្លើយតបនឹងដំណាក់កាលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំដៅរួមចំណែកទ្រទ្រង់កំណើនរយៈពេលវែង ស្របតាមការចង្អុលបង្ហាញនៃឯកសារគោលនយោបាយសំខាន់ៗ។
ផែនការមេនេះនឹងក្លាយជាផែនទីចង្អុលផ្លូវ (blueprint) លើកកម្ពស់ប្រសិទ្ធភាពការវិនិយោគ និងការវិភាជថវិកា និងឧបករណ៍ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ក្នុងការកៀរគរធនធាន និងការគាំទ្រនានា៕