សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយពង្រាយរោងចក្រនៅទូទាំងប្រទេស ដើម្បីបង្កើតការងារដោយផ្ទាល់នៅមូលដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។

រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនៅថ្ងៃនេះ កំពុងដំណើរការអាជីវកម្ម​នៅក្នុង​ស្រុកត្រាំកក់ និងស្រុក​សំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១២នេះ ជាប្រភេទរោង​ចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៦, កាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតស្បែកជើងចំនួន២ និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៩កន្លងទៅ។ សម្តេចតេជោបានមានប្រសាសន៍ថា រោងចក្រ​សហគ្រាសដែលបានពង្រាយនៅទូទាំង ២៥ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា គឺជាគោលនយោបាយពង្រាយ​រោងចក្រ ទៅតាមបណ្ដាខេត្ត របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការងារជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន មិនមែនមានរោងចក្រនៅតែរាជធានីភ្នំពេញមួយប៉ុណ្ណោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីបានចុះជួបជាមួយកម្មករ និយោជិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនរួចហើយ សម្ដេចនឹងបន្តចុះជួបជាមួយកម្មករនិយោជិតនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជា ខេត្តពោធិ៍សាត់ កំពង់ចាម និងខេត្តស្វាយរៀងជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើសិនជាអត់មានរោងចក្រនៅក្នុងខេត្តតាកែវនោះទេ កម្មករនិយោជិតទាំងអស់ច្បាស់ណាស់ថា នឹងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ហើយពលរដ្ឋខ្លះទៀតនឹងបន្តប្រកបរបរចិញ្ចឹមជីវិតធ្វើស្រែចម្ការធម្មតាជាមួយឪពុកម្ដាយជាក់ជាមិនខាន។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ កម្លាំងពលកម្មមួយភាគធំ ត្រូវចូលមកវិស័យឧស្សាហកម្ម សេវាកម្ម និងមួយផ្នែកទៀតកំពុងធ្វើការនៅតាមបណ្ដាប្រទេសជិតខាង៕