៥ខែដើមឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨ ១៨៤ តោន និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍នាំចេញស្រូវនិងអង្ករ សម្រាប់រយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣។
ក្នុងរយៈពេល ៥ខែមកនេះ អង្ករកម្ពុជាបាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លាន តោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារសហរដ្ឋ មេរិក។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩% អង្ករ ស ចំនួន ១០,៨៧% អង្ករចំហុយ ៣,៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។
របាយការណ៍បញ្ជាក់ថា ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបរបស់កម្ពុជាចំនួន ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧,៤២ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេស គ្របដណ្តប់ចំនួន ៣៧,៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩ លាន ដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ាន ចំនួន ៤ដែលស្មើនឹង ៧.៨៦% ដែលក្នុងនោះប្រទេសហ្វីលីពីន ជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន ២ ៥៧៥ តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន ២០គោលដៅស្មើនឹង ១០.៧៨%៕