សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាត អារ៉ាប់រួម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។
ក្នុងឱកាសចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំងនៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ធ្វើឲ្យការនាំចេញកម្ពុជាកាន់តែកើនឡើង៕
អត្ថបទ៖ អក្ខរា