អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអេមីរ៉ាតអារ៉ាប់រួម ខណៈអ្នកឧកញ៉ា ថែមទាំងបានលើកបង្ហាញពីសក្កានុពលសំខាន់ៗរបស់កម្ពុជា ទៅកាន់វិនិយោគិនអេមីរ៉ាតអារ៉ាប់រួមថែមទៀតផងដែរ។
ការលើកឡើងបែបនេះ ត្រូវបានបង្ហាញឡើងតាមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា និង លោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស អេមីរ៉ាតអារ៉ាប់រួម និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័ន និង ក្រុមហ៊ុន នៃប្រទេសទាំងពីរ សរុបប្រមាណ ១២០ នាក់។
នាឱកាសនោះ អ្នកឧកញ៉ាប្រធាន ក៏បានជម្រាបជូនវិនិយោគិនអេមីរ៉ាតអារ៉ាប់រួម អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងវិស័យសក្តានុពលនានាដែលវិនិយោគិនអាចពិចារណាក្នុងការវិនិយោគនៅកម្ពុជា រួមមានដូចជា៖ វិស័យកាត់ដេរសម្លៀកបំពាក់ កសិកម្ម ទេសចរណ៍ សំណង់ និង វិស័យអាទិភាពនានា ដូចជា ការដំឡើងយានយន្តអេឡិចត្រូនិក បច្ចេកវិទ្យា-ព័ត៌មាន ថាមពល បច្ចេកវិទ្យាបៃតង និងកសិឧហ្សាហកម្ម។
លើសពីនេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា៖« ក្រោមការដឹកនាំប្រកបដោយគតិបបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍ និងការធ្វើធុរកិច្ច និងវិនិយោគគ្រប់ប្រភេទ»។
គួរបញ្ជាក់ដែរថា វេទិកាធុរកិច្ចនេះ មានគោលបំណងជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ និងបានលើកយកមកពិភាក្សានូវប្រធានបទសំខាន់ៗរួមមាន៖ កាលានុវត្តភាពវិនិយោគនៅកម្ពុជា, ប្រព័ន្ធអេកូវិនិយោគអេមីរ៉ាតអារ៉ាប់រួម, វិស័យកសិកម្មកម្ពុជា, វិស័យកសិកម្មអេមីរ៉ាតអារ៉ាប់រួម, សេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា, សំណើគម្រោងភាពជាដៃគូយុទ្ធសាស្ត្រស្នើដោយក្រុមហ៊ុនអេមីរ៉ាតអារ៉ាប់រួម, វិស័យកម្មន្តសាលកម្ពុជា, និងអនាគតវិស័យថាមពលប្រកបដោយចីរភាព អេមីរ៉ាតអារ៉ាប់រួម។
វេទិកាធុរកិច្ចនេះដែរ ក៏បានរៀបចំឡើងក្នុងគោលបំណងជំរុញធុរកិច្ច និងវិនិយោគប្រទេសទាំងពីរ និងប្រព្រឹត្តទៅស្របពេលនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម៕