ស្ពានឆ្លងកាត់ទន្លេមេគង្គ១ទៀត ដែលមានប្រវែង ១,៦០០ម៉ែត្រ ចំណាយថវិកាជាង ២៣២ លានដុល្លារ និងរយៈពេលសាងសង់ចំនួន ៤៨ខែ បានបើកការដ្ឋានសាងសង់ហើយ ជាមួយនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី១ទៀត ដែលបានបើកការដ្ឋានសាងសង់ថ្ងៃទី៧ ខែមិថុនានេះ គឺតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង ការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។
ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨ លាន ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា បដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕