សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៧ ខែឧសភានេះ បើកកិច្ចប្រជុំផ្តោតទៅលើវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈយោគយល់លើកទី៦ ស្តីអំពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន លើបរិមាណចំនួន ៤០ម៉ឺនតោន ដែលបានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់រយៈពេល ១៧ខែ ដែលគិតមកដល់ត្រឹមដើមខែឧសភា ឆ្នាំ២០២៣ គឺការអនុវត្តលើអនុស្សរណៈយោគយល់លើកទី៦ សម្រាប់បរិមាណចំនួន ៤០ម៉ឺនតោនត្រូវបានអនុវត្តន៍សម្រេចបានតាមផែនការទាំងស្រុង។
កិច្ចប្រជុំធ្វើឡើងតាមប្រព័ន្ធអនឡាញពីចំងាយ ដែលភាគី COFCO ដឹកនាំដោយ លោក Zhao KAI ជំនួយការប្រធានប្រតិបត្តិនៃក្រុមហ៊ុនCOFCO និងសហការី និងភាគីក្រុមហ៊ុន Green Trade ដឹកនាំដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីនត្រេដ និងភាគីសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងអនុប្រធាន សមាជិក សមាជិកា ចំនួន ៦រូប ។
ភាគីទាំងពីរបានពេញចិត្តលើវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យស្រូវអង្ករកម្ពុជា-ចិន ដែលភាគីចិនបានទិញអង្ករពីកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំ នេះ បានកើនឡើងពី ៦០០តោន នៅឆ្នាំ២០១១ ទៅដល់ជាង ៣០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលស្មើនឹង១០% នៃការនាំចូលអង្ករសរុបរបស់ប្រទេសចិនក្នុងមួយឆ្នាំ។
ភាគីទាំងពីរក៏បានពិភាក្សាលើលទ្ធភាពនៃការរៀបចំអនុស្សរណៈយោគយល់លើកទី៧ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រទេសចិន។
សូមជម្រាបថា កន្លងមក ការនាំចេញអង្ករទៅកាន់ប្រទេសចិន គឺមានចន្លោះពីជាង២០ ទៅ៣០ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ សហព័ន្ធស្រូវ អង្ករកម្ពុជា ក៏បានកំណត់យកគោលដៅនាំចេញអង្ករនៅឆ្នាំ២០២៣នេះ ឲ្យបានដល់ ៧៥ម៉ឺនតោន និងឈានទៅសម្រេចឲ្យបានដល់១លានតោនក្នុងឆ្នាំ២០២៥ផងដែរ៕
អត្ថបទ៖ អក្ខរា