ដំណឹងល្អ! ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅចិន

យោងតាម សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិនអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។

ស្ថានទូតចិនបានឱ្យដឹងទៀតថា៖ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។

ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិនដែលបានចុះហត្ថលេខារួមគ្នា រវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។

ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕