សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ, លោក Chen Zhong បានគូសបញ្ជាក់ថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០ គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា៖ ការសាងសង់សាលារៀន និងផ្លូវជនបទ ជាដើម។
លោកអនុប្រធានក្រុមហ៊ុន ក៏បានប្តេជ្ញាចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ខណៈរុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា មានកិច្ចសហការដ៏ល្អជាមួយគ្នា ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។
សម្តេចបវរធិបតី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដាក់ចេញនូវយន្តការ ក៏ដូចជាផែនការចំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការល្អ និង កាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
