CDC ជំរុញឱ្យវិនិយោគិនចិន​ ចាប់យក​ឱកាស​វិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី បានទទួលជួប​ពិភាក្សាការងារ​ជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨នេះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួន ដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ជាដើម។

ក្នុងឱកាសដែលគណៈប្រតិភូវិនិយោគិនចិន មកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជានេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យវិនិយោគិនគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាហើយក៏បានលើកទ្បើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា។

ជាមួយគ្នានេះ លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណ ដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា​តាមរយៈជំនួបលើកនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ ពុទ្ធិកា