កម្ពុជា ស្នើឲ្យក្រុមហ៊ុន Emirates Airline បង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប និងព្រះសីហនុ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើសុំឲ្យក្រុមហ៊ុន Emirates Airlineបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីរាជធានីភ្នំពេញ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ ការស្នើនេះ ធ្វើឡើងនៅក្នុងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោក Mohammed Al QassimCountry Manager របស់ក្រុមហ៊ុន Emirates Airline នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឯកភាពក្នុងការចុះ MOU និងតែងតាំង Focal person រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិត និងស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុនEmirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម។

គួរបញ្ជក់ថា ជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Mohammed Al Qass​im​Country Manager របស់ក្រុមហ៊ុន Emirates Airline ធ្វើឡើងក្នុងគោលបំណង ដើម្បីស្នើសុំកិច្ចពិភាក្សាទៅលើការពិនិត្យលទ្ធភាពចុះ MOU រវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ព្រមទាំងបញ្ជាក់អំពីតួនាទីរបស់ក្រុមហ៊ុន Emirates Airline នៅក្នុងកម្ពុជាផងដែរ៕

អត្ថបទ៖ ពុទ្ធិកា