រដ្ឋ​បន្តឲ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ២០២៤»រហូតដល់ដំណាច់ឆ្នាំ២០២៥

រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ នេះបើយោងតាមនេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

តាមរយៈនេះ, ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៥ រួមមាន : (១). គម្រោងវិនិយោគ ឬ ធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោងវិនិយោគ ឬ ធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង; និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន នឹងបន្តភារកិច្ចដឹកនាំ, សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា “ច្រកចេញចូលតែមួយ» ។

ក្រសួង ក៏អំពាវនាវដល់ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស»នេះ អញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្នុងគោលបំណង ជំរុញឱ្យមានសកម្មភាពវិនិយោគ និង ធុរកិច្ចកាន់តែច្រើន និង មានសន្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត ៕

អត្ថបទ៖ ពុទ្ធិកា