សហគ្រិនខ្មែរ រៀប​ចំវេទិកាផ្គូរ​ផ្គងស​ហគ្រាស​ធុនតូច​និងមធ្យម និងទីផ្សារ

សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ ក្នុងគោលដៅពង្រីក លទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា។ វេទិកានេះជាផ្នែកមួយនៃទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ដែលធ្វើ​ឡើងនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាស សម្រាប់ការតាំងបង្ហាញផលិតផល, ការប្រកួតប្រជែងគំនិតធុរកិច្ច, និងជំនួបរវាងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិន​ភាពនៅកម្ពុជា។

វេទិកានេះបាននាំយកសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនផ្សារទំនើប និងក្រុមហ៊ុនចែកចាយ ផលិតផល មកជួបជុំគ្នាដើម្បីស្វែងយល់ពីលក្ខខណ្ឌតម្រូវ ពិសេសស្តង់ដារ ដើម្បីឱ្យផលិតផលរបស់ ពួកគេអាចឈានចូលក្នុងផ្សារទំនើប និងក្នុងបណ្តាញចែកចាយធំៗបាន។ កម្មវិធីនេះមានការចូលរួមពី តួអង្គពាក់ព័ន្ធសំខាន់ៗមកពីវិស័យសាធារណៈ និងឯកជន រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ផ្សារទំនើបអ៊ីអន (AEON), ផ្សារទំនើបម៉ាក្រូ (Makro), ក្រុមហ៊ុនចែកចាយ ផលិតផល LSH, តំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងសហគ្រាសធុនតូចនិងមធ្យម ជា ច្រើនទៀត។

ក្នុងឱកាសនោះក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមអ្នកផលិតចំណីអាហារ កម្ពុជា និងក្រុមហ៊ុនចែកចាយផលិតផលកូរ៉េ Wellsground ដោយកំណត់ផលិតផលកសិកម្ម និង នេសាទកម្ពុជា សម្រាប់នាំចេញទៅប្រទេសកូរ៉េផងដែរ។ អនុស្សារណៈនេះជាលទ្ធផលនៃកម្មវិធីផ្សព្វ ផ្សាយផលិតផលចំណីអាហារ និងភេសជ្ជៈ ដែលបានទទួលការគាំទ្រពីសហគ្រិនខ្មែរ និងរៀបចំដោយ សមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ២០២៤ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ។