វិនិយោគិនកូរ៉េ ចង់វិនិយោគលើកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីនាំចេញ

នាយកក្រុមហ៊ុន Heungkuk Industry លោក Lee Kee Yun បានគូសបញ្ជាក់ថា ក្រុមហ៊ុន Heu​ngku​k Industry ដែលជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ មានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយ​​ចន្ទីនៅប្រទេសកម្ពុជា ។ ការគូសបញ្ជាក់របស់លោក Lee Kee Yun នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Lee Kee Yun បានអះអាងថា ការចង់មកបណ្តាក់ទុនវិនិយោគលើសកម្មភាពកែច្នៃគ្រាប់ស្វាយ​​ចន្ទីនៅប្រទេសកម្ពុជា ពីព្រោះក្រុមហ៊ុនបានមើលឃើញពីសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ស្វាយចន្ទីគឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយសារអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម ។

លើសពីនេះប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំ និងតំបន់ជុំវិញគឺជាតំបន់ដែលមានអំណោយផលទាំងផ្នែកពូជដំណាំ អាកាសធាតុ និងភូមិសាស្ត្រ ដែលអាចផលិតគ្រាប់ស្វាយចន្ទីមានគុណភាពខ្ពស់។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន Heungkuk Industry សិក្សា និងរៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូដែលមានជំនាញ និងបទពិសោធពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី៕

អត្ថបទ៖ ពុទ្ធិកា