តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ២ ធ្វើការវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរ និងសម្ភារៈវេចកខ្ចប់តម្លៃប្រមាណ ១០,៤លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចយល់ព្រមសម្រេចចេញវិញ្ញាបនបត្រជូនរោងចក្រទាំង២នោះរួមមាន៖
១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៩១កន្លែង។
២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង៕