កម្ពុជា ដាក់​ឱ្យប្រើ​ប្រាស់​​ជា​ផ្លូវការ«មជ្ឈមណ្ឌល​សេវា​នាំ​ចេញ»ដើម្បីពង្រីក​សក្ដានុពល​ផលិត​ផល​​ទៅ​កាន់​ទីផ្សារអ​ន្តរ​ជាតិ

ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មជ្ឈមណ្ឌលសេវានាំចេញ» (Export Service Center-ESC) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ «មជ្ឈមណ្ឌលសេវានាំចេញ»បង្កើតឡើងដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញ ទទួលបាននូវការយល់ដឹងសំខាន់ៗ ដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញ ជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពល នៅក្នុងទីផ្សារគោលដៅ។

ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ជាច្រើនរូប។

ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។

ចំពោះ លោក លោកស្រី តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh៕