ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ របស់សណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ តម្លៃ ៨០លានដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី៣១ ខែមីនា។
ក្នុងពិធីសម្ពោធកាលព្រឹកមិញនោះ ក៏មានការអញ្ជើញពីឯកឧត្តម លោកជំទាវ ឯកអង្គរដ្ឋទូត និងឯកអង្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយស សរុបជាង ៧០០នាក់។
សូមជម្រាបជូនថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មានភ្ជាប់ទៅដោយ ៣០០ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅចំកណ្ដាលរាជធានី។
អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា៖ “ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់នៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នាពេលខាងមុខ ដែលនេះជាប្រយោជន៍ដ៏សំខាន់ក្នុងការចូលរួមបង្កើននិរន្តរភាពក្នុងវិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។”
អ្នកឧកញ៉ា ក៏បានបន្ថែមទៀតថា ការនាំយកសណ្ឋាគារលំដាប់ពិភពលោកមួយនេះមកកម្ពុជា ដោយក្រុមហ៊ុនមាន ចក្ខុវិស័យវែងឆ្ងាយ និងឈរលើបន្ទាត់ស្របជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញសក្ដានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
ក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើបប្រកបដោយសេវាកម្មសម្បូណ៌បែប ហើយអគារ Chip Mong Tower ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ថ្លែងថា៖“ស្របពេលដែលរាជរដ្ឋាភិបាលកំពុងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងអនាគត, វត្តមានរបស់សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់អន្តរជាតិមួយនេះ គឺអាចនឹងចូលរួមពង្រឹងធនធានមនុស្សកម្ពុជា តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) និងការបង្កើនចំណេះដឹងបន្ថែម (Upskilling) ដល់បុគ្គលិក-និយោជិតរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានានៅកម្ពុជា ឱ្យទទួលបាននូវឱកាសការងារ ឬឱកាសចុះកម្មសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាលក្ខណៈស្តង់ដារអន្តរជាតិ៕”