ក្រុមហ៊ុន K (Cambodia) .,LTD សម្រេចដាក់សម្ពោធជាផ្លូវការនូវរោងចក្រដំឡើងរថយន្ត ISUZU នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រផ្គុំដំឡើងរថយន្ដថ្មីនេះ មានតម្លៃ ៧,៣លានដុល្លារ ហើយនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១៦៦កន្លែង។
ការដាក់សម្ពោធជាផ្លូវការនេះ ចូលរួមជាអធិបតីភាពពីលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងឪកាសនោះ លោកបានចាត់ទុករោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។
លោកថា វត្តមាននៃគម្រោងវិនិយោគនេះ នៅខេត្តកំពង់ស្ពឺ ក៏ជាជោគជ័យនៃគោលនយោបាយពង្រាយរោងចក្រ នៅតាមបណ្តាខេត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។
បើតាមលោក សុខ ចិន្តាសោភា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Kia, Ssangyong, Soueast, Dongfeng, Ford, Toyota និងរោងចក្រដំឡើងរថយន្ត ISUZU ៕