ធនាគារជាតិនៃកម្ពុជា ណែនាំសាធារណជនឲ្យបង្កើនការរក្សាសុវត្ថិភាព ព័ត៌មានគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងប្រុងប្រយ័ត្នខ្ពស់មុននឹងផ្ទេរប្រាក់ តាមកម្មវិធីទូរស័ព្ទចល័ត គណនី ឬតាមរយៈភ្នាក់ងារ ដើម្បីជៀសវាងការឆបោកប្រាក់ពីជនបោកប្រាស់ តាមបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ។
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនានេះ ចេញសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ថ្មីៗនេះមានជនខិលខូច បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គមដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
បើតាមធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយប្រើគណនីបណ្តាញសង្គម នៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាប័ននៃជនរងគ្រោះ ដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេង បន្លំជាសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះ ឬទូរស័ព្ទផ្ទាល់ទៅកាន់ជនរងគ្រោះ ដើម្បីសុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ ក្នុងរយៈពេលខ្លី ដោយផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។
ហេតុនេះ ធនាគារជាតិនៃកម្ពុជាស្នើឱ្យសាធារណជនរក្សាសុវត្ថិភាពព័ត៌មាន នៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់ តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទលេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕